រុស្ស៉ី ចង់ឲ្យមានការបោះឆ្នោតជាសម្ងាត់ នៅ UN លើសេចក្តីសម្រេចថ្កោលទោស ជុំវិញការកាត់យក ទឹកដីអ៊ុយក្រែន

 (យូអិន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ គឺ រុស្ស៉ី កំពុងបញ្ចុះបញ្ចូលឲ្យមានការបោះឆ្នោតជាសម្ងាត់​ ជំនួសឲ្យការបោះ ឆ្នោតជាសាធារណៈ នៅពេលដែលសមាជិកចំនួន១៩៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ (UN) នៅសប្តាហ៍ក្រោយនេះ នឹងធ្វើការសម្រេចចិត្តថាតើត្រូវថ្កោលទោសទីក្រុងមូស្គូ ឬក៏យ៉ាងណា ជុំវិញការកាត់យកទឹកដីចំនួន៤ តំបន់របស់អ៊ុយក្រែននាពេលថ្មីៗនេះ។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាត់ទុកការបោះឆ្នោតប្រជាមតិរបស់រុស្ស៉ី នៅតំបន់ដូណេត លូហាន់ ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ថាជាទង្វើខុសច្បាប់។ សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់មហាសន្និបាទ UN ដែលរៀបចំដោយក្រុមប្រទេសលោកខាង លិចមានគោលដៅថ្កោលទោស «ការធ្វើប្រជាមតិខុសច្បាប់» របស់រុស្ស៉ី និង «ការប៉ុនប៉ងកាត់ យកទឹកដីដោយខុសច្បាប់» នៃតំបន់ខាងលើនេះ។

ក្នុងលិខិតមួយផ្ញើទៅកាន់ប្រទេសជាសមាជិកនានា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្សៀ (Vassily Nebenzia) បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «នេះជាការវិវត្តន៍ផ្នែកនយោ បាយមួយ និងជាការបង្កហេតុយ៉ាងច្បាស់ ដែលមានគោលបំណងធ្វើឲ្យមានការរើសអើងនៅក្នុង មហាសន្និបាត និងក្នុង ចំណោមសមាជិករបស់ UN»។ លោកបានបន្តថា ការបោះឆ្នោតសម្ងាត់ មួយគួរតែត្រូវធ្វើឡើងជាចាំបាច់ ស្របពេលមហាសន្និបាតទំនងជានឹងត្រូវបោះឆ្នោត ជាសាធារណៈ ថាតើត្រូវរៀបចំការបោះឆ្នោតសម្ងាត់ដែរ ឬអត់៕