(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូល បានជាង៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែល ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤,៣៨៤,១៦០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១,២៩២,៥៧១ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣,០៩១,៥៨៩ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ១៩៤,០១៤តោន កើនឡើងចំនួន១,៤៥៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០,៦២៩ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ ថ្លៃ១,៥៥៣ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែសីហា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរ ជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
ថ្លែងប្រាប់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា ការនាំចេញជ័រកៅស៊ូ របស់កម្ពុជា នៅរយៈ ពេល៨ខែ ឆ្នាំ២០២២ មានការកើនឡើងដោយសារកត្ដាធំៗចំនួន៤។
លោក ហ៊ឹម អូន បានបញ្ជាក់ថា កត្ដាធំៗទាំង៤នោះ រួមមាន (១)៖ អតុល្យភាពរវាងការផ្គត់ផ្គង និងតម្រូវការ, (២)៖ ផ្ទៃដីចៀរជ័រកើន, (៣)៖ កត្តាមិនមែនមូលដ្ឋាន គឺតម្លៃប្រេងឆៅកើន, (៤)៖ អាកាសធាតុដើមឆ្នាំ មានការអំណោយផល តែនៅក្នុងសីហាមានការភ្លៀងច្រើន ធ្វើឲ្យការប្រមូល ផលជួបការលំបាក។
បន្ថែមពីនោះទៀត អគ្គនាយកកៅស៊ូ បានគូសបញ្ជាក់ផងដែរថា ផលិតផលបានកើនឡើងតែតម្លៃ ធ្លាក់ចុះ ដូច្នេះប្រាក់ចំណូលបានថយចុះ។
ចំពោះស្ថានភាពទីផ្សារកៅស៊ូកម្ពុជា លោក ហ៊ឹម អូន បានលើកឡើងថា ទោះពេលនេះផលិតកម្ម នៅកៅស៊ូធម្មជាតិមិនមានទីផ្សារល្អ ប៉ុន្តែលោករំពឹងថា វានឹងល្អឡើងវិញ ក្នុងពេលឆាប់ៗ ដោយសារ កន្លងមកកម្ពុជា នាំចេញទៅបរទេស នូវផលិតផលកៅស៊ូធម្មជាតិ១០០% តែឥឡូវក្រុមវិនិយោគិន បានវិនិយោគរោងចក្រផលិតកង់រថយន្ត ក្នុងស្រុកទីផ្សារកៅស៊ូបានបន្ថែមមួយទៀត គឺទីផ្សារក្នុង ស្រុក និងជាពិសេសការប្រមូលទិញពីសំណាក់រោងចក្រផលិតកៅស៊ូកង់រថយន្តក្នុងស្រុក ដែលបាន នឹងដំណើរការនៅពេលខាងមុខ។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញ ជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើ កៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕