វត្តមួយនៅក្នុងឃុំអណ្តូងទឹកស្រុកបូទុមសាគរ មិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌ


  ខេត្តកោះកុង៖ប្រជាពុទ្ធបរិស័ទខ្មែរបានឆ្លៀតឱកាសពីការងារ និងខ្លះសម្រាកពីការងារមួយរយៈ ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមស្រុកកំណើតរៀងៗខ្លួ ន។ ចំណែកនៅខេត្តកោះកុង  មនុស្សក្មេងចាស់ប្រុសស្រីដែលមានធនធាន សម្រុកទៅវត្តអារាមណា ដែលមានផ្លូវងាយស្រួលធ្វើដំណើរ និងមានចង្ហាន់ពោរពាស ច្រើនជាងទៅវត្តដែលលំបាកធ្វើដំណើរ និងខ្វះខាត ឬអត្តខាត់ចង្ហាន់។

  វត្តគិរីបូទុម ហៅវត្តតាអុក ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង គឺ ជាវត្តមួយដែលមានវ័យណាស់ ទ្រុឌទ្រោម ហើយទើបកសាងឡើងវិញក្រោយរបបកម្ពុជាប្រជា ធិបតេយ្យ ឬ ប៉ុល ពត ឆ្នាំ១៩៧៩ នៅលើទួលវត្តមួយកន្លែងមានទំហំប្រមាណ ៤ហិកតារ  មិនសូវ មានពុទ្ធបរិស័ទទៅធ្វើបុណ្យដាក់បាត្រ និងមិនសម្បូរចង្ហាន់ដូចនៅតាមវត្តដទៃក្នុងក្រុងនោះទេ។

ពុទ្ធបរិស័ទម្នាក់ ឈ្មោះ ហ៊ល នី ឲ្យដឹងថា គ្រួសារ អ្នកស្រី និងពលរដ្ឋចំនួន ៣០គ្រួសារផ្សេងទៀត ដែលមានផ្ទះរស់នៅលើទួលក្បែរវត្ត តែងតែខ្នះខ្នែងជួយកសាង និងទំនុកបម្រុងចង្ហាន់សម្រាប់ព្រះ សង្ឃនៅពេលខ្វះខាត ឬអត្តខាត់។ អ្នកស្រីថា វត្តនេះមិនសូវមានមនុស្សចូលធ្វើបុណ្យកុះករទេ ព្រោះពីមុនមកផ្លូវលិចទឹកលំបាកធ្វើដំណើរនៅរដូវវស្សា ប៉ុន្តែឆ្នាំនេះទឹកអត់លិច និងផ្លូវទើបធ្វើ ហើយមានអ្នកមកធ្វើបុណ្យគ្រាន់ច្រើនជាងរាល់ឆ្នាំបន្តិច។ 

    អ្នកស្រី ហ៊ល នី បានមានប្រសាសន៍បន្ថែមថា៖ ដោយសារវត្តគិរីបូទុមហៅ វត្តតាអុក នេះពុំមាន ពុទ្ធបរិស័ទចំណុះជើងវត្តសម្រាប់ចែកវេនដាក់បិណ្ឌ ហើយឋិតនៅឆ្ងាយពីទីប្រជុំជននៃក្រុង ប្រមាណ ជិត១០គីឡូម៉ែត្រទៀតនោះ ប្រជាពុទ្ធបរិស័ទរស់នៅតំបន់ផ្សេងៗគ្នាក្នុងក្រុង តែងបបួលគ្នាជាក្រុម ចន្លោះ ៣០នាក់ ទៅ ៥០នាក់ ដើម្បីរៀបចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ប៉ុន្តែថ្ងៃបុណ្យភ្ជុំ ឬភ្ជុំធំនៅឆ្នាំ ខ្លះ វត្តនេះមានពុទ្ធបរិស័ទរហូត ៥០០ ទៅ ជាង៧០០នាក់ផងដែរ។

ជាមួយនឹងភាពខ្វះខាត់ ក៏ដូចជាពុំមានបច្ច័យសម្រាប់កសាងនៅក្នុងទីវត្តអារាមនេះ ព្រះតេជគុណ ជិន ដាវ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លាតិចក្ដី ច្រើនក្ដី សម្រាប់ឲ្យព្រះអង្គអាចកសាង កុដ និង សាលា បានដូចវត្តផ្សេងទៀតផងដែរ៕