ខេត្តកោះកុង៖លោក ក្រូច បូរីសីហា ឋានន្តរសក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៥ អតីតអភិបាលរងស្រុក បូទុមសាគរ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុក បូទុមសាគរ ខេត្តកោះកុង ជំនួស លោក ហាក់ ឡេង ដែលត្រូវឡើងជាអភិបាលរងខេត្ត ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលាស្រុក បូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង កាលពីរសៀលថ្ងៃ ច័ន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។
បន្ទាប់ពីបានស្តាប់ របាយការណ៍សង្ខេប របស់លោក ហាក់ ឡេង ដែលអានដោយ លោក ហាក់ ឡេង អតីតអភិបាលស្រុក បូទុមសាគរ និង និងបន្ទាប់ពីការ ឡើងអានមតិប្តេជ្ញាចិត្ត ដោយ លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុក បូទុមសាគរ ដែលទើបទទួលការតែងតាំងថ្មីរួចមក។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសប្រកាសតែងតាំងនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈ អភិបាលស្រុកបូទុមសាគរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលនានា គួរឲ្យកត់សម្គាល់ និងជាពិសេស ការថែរក្សា បាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើក កម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាល ដាលន ជំងឺកូវីដ-១៩ ព្រមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
លោកជំទាវបានបន្តថា៖ ទន្ទឹមនេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំគ្រប់ឃុំ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ក៏បានខិតខំរួមគ្នាគ្រប់គ្រង់សភាពការណ៍ និងការពារសន្តិសុខ ជូនប្រជាពលរដ្ឋ បានយ៉ាង ល្អប្រសើរ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាល ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងទៅថ្មីៗនេះ។ កត្តាទាំងនេះហើយបានធ្វើឱ្យ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ធ្វើការវាយតម្លៃជាទូទៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម គោល ការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមច្បាប់ និងនីតិវិធីនៃការ បោះឆ្នោត។
លោកជំទាវមិថុនា ភូថង បានសង្កតធ្ងន់ថា៖ ការតែងតាំង និងផ្លាស់ប្តូរមន្ត្រីចូលកាន់មុខតំណែង គឺជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តន៍ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវ ការនៅមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជ រដ្ឋាភិបាលផងដែរ ដើម្បីចូល រួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងដើម្បី អនុវត្តន៍ឱ្យមានប្រសិទ្ធភាព គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៕