(ញូយ៉ក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុល ឡោះ (Saifuddin Abdullah) បាននិយាយថាបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវតែធ្វើ ការ សម្រេចចិត្តថាតើពួកគេត្រូវបន្តជំរុញឱ្យអនុវត្តផែនការសន្តិភាព ៥ចំណុចសម្រាប់មីយ៉ាន់ម៉ា ឬក៏ សម្រេចចិត្តធ្វើអ្វីបន្ទាប់ទៀត នៅមុនមេដឹកនាំអាស៊ានជួបប្រជុំគ្នា នៅខែវិច្ឆិកាខាងមុខនេះ។
លោក អាប់ឌុលឡោះ ធ្វើការកត់សម្គាល់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នាឱកាសនៃការជួបជុំគ្នា ប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅឯមហាសន្និបាត UN ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទសប្ដាហ៍នេះ ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះ និងនៅមុនកិច្ចប្រជុំ កំពូលអាស៊ាននៅខែវិច្ឆិកាចូលមកដល់ អាស៊ានត្រូវតែពិនិត្យឡើងវិញថាតើផែន ការសន្តិភាពកង់សង់ស៊ីស ៥ចំណុចនៅតែមានសារៈសំខាន់ ឬក៏ថាតើវាគួរតែ ត្រូវបានជំនួសដោយអ្វី មួយផ្សេងដែលល្អប្រសើរជាង។ ចាប់ពីពេលនេះតទៅ រហូតដល់ពេលយើងជួបប្រជុំគ្នាក្នុងខែវិច្ឆិកា យើងត្រូវតែឆ្លើយសំណួរដ៏លំបាកនេះ ហើយយើងត្រូវតែរកចម្លើយឱ្យបាននៅពេលនេះ»៕