EU ដាក់ចេញផែនការដើម្បីដោះស្រាយវិបត្តិថាមពល ខណៈប្តេជ្ញាបន្តជួយអ៊ុយក្រែន


(ព្រុចសែល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ប្រាប់អោយដឹងថា គណៈកម្មការអឺរ៉ុបនៅថ្ងៃពុធនេះ បានដាក់ចេញនូវសំណើរ ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឡើងថ្លៃថាមពល ដែលបានអង្រួនតំបន់អឺរ៉ុប ខណៈសង្កត់ធ្ងន់ថា សាមគ្គីភាពរបស់សហភាពអឺរ៉ុបជាមួយទីក្រុងកៀវនឹង «គ្មានការរង្គោះរង្គើឡើយ»។

ប្រធានគណៈកម្មការអឺរុប លោកស្រី វ៉ុនឌឺ ឡេយិន (von der Leyen) បានថ្លែងក្នុងសុន្ទរកថាប្រចាំ ឆ្នាំនៃសភារបស់ EU និងចំពោះមុខស្ត្រីទីមួយអ៊ុយក្រែន លោកស្រី អូឡេណា ហ្សាលេនស្កា (Olena Zelenska) ដែលជាភ្ញៀវកិត្តិយសដូច្នេះថា «ទណ្ឌកម្មកំពុងជះឥទ្ធិពលយ៉ាងពិតប្រាកដលើប្រទេស រុស្ស៊ី ហើយយើងនឹងបន្តសកម្មភាពនេះទៀត នេះគឺជាពេលវេលាសម្រាប់ពួកយើង ដើម្បីបង្ហាញពី ការតាំងចិត្ត មិនមែនជាការធុញទ្រាន់នោះទេ»

លោកស្រី បានប្រាប់សភានៅទីក្រុងស្រ្តាស់បឺគ (Strasbourg) ប្រទេសបារាំង យ៉ាងដូច្នេះថា  «ខ្ញុំឈរនៅទីនេះដោយមានការជឿជាក់ថា ជាមួយភាពអង់អាចក្លាហាន និងសាមគ្គីភាព នោះរុស្សី នឹងបរាជ័យ ហើយអឺរ៉ុបនឹងឈ្នះ»។ លោកស្រី ឡេយិន បានស្នើសុំដល់គ្រួសារនិងក្រុមហ៊ុននៅអឺរ៉ុប កាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅទូទាំងប្លុកនេះ។

គួរបញ្ជាក់ថា តម្លៃថាមពល និងអតិផរណា បានកើនឡើងពាសពេញសហភាពអឺរ៉ុបដែលមាន ២៧ប្រទេស ខណៈដែលទីក្រុងម៉ូស្គូបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ក្នុងការឆ្លើយតបទៅនឹងការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច៕