(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយលោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងដំណើរទស្សនកិច្ចរបស់ លោកមក ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
អគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EIB ក្នុងការចូលរួម ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្ដិការបច្ចុប្បន្ន ហើយស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួមជាឥណទាន សម្បទាន, ហិរញ្ញប្បទានឥតសំណង និងការគាំទ្រជំនួយបច្ចេកទេសនានាជាដើម។
អគ្គបណ្ឌិតសភាចារ្យបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង EIB នាពេលកន្លងមក និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ជាមួយនិង ទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។
«យុទ្ធសាស្រ្ត» នេះបាន និងកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធ ភាព សម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យរស់រវើកឡើង ក៏ដូចជា ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បី លើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាព ធន់ដ៏រឹងមាំនៃសង្គម សេដ្ឋកិច្ចកម្ពុជា។
លោក Kriss Peeters បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកធ្វើទស្សន កិច្ច នៅប្រទេសកម្ពុជា និងការស្វាគមន៍ដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានឱ្យដឹងថា EIB បានត្រៀមរួចជាស្រេចក្នុងការពង្រឹងសហប្រតិបត្ដិការកម្រិតតំបន់ ជា ពិសេស ជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ខណៈខ្លួនទើបតែបានដាក់សម្ភោធជាផ្លូវ ការនូវការិយាល័យប្រចាំតំបន់ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ។
លោកបានសម្តែងការ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល អាស៊ាន (ASEAN Summit) លើកទី៤០ និង ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហភាពអឺរ៉ុបនឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
អគ្គបណ្ឌិតសភាចា្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ ដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ EIB ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយដំណើរទស្សនកិច្ចរបស់លោក Kriss Peeters មកកម្ពុជា ជាសក្ខីភាពនៃជំហរច្បាស់លាស់ របស់ EIB ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាល កម្ពុជាឱ្យកាន់តែ រឹងមាំបន្ថែមទៀត៕