កងទ័ពអាស៊ែបៃហ្សង់ និងអាមេនី ផ្ទុះអាវុធដាក់គ្នា នៅតំបន់ព្រំដែន

 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពអាស៊ែបៃហ្សង់ និងអាមេនី បានផ្ទុះ ឡើងនៅព្រឹកថ្ងៃអង្គារនេះដោយបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះឡើង ជាថ្មីនូវសង្រ្គាមនៅឯតំបន់ ជម្លោះព្រំដែន ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh)។

អាស៊ែបៃហ្សង់ ដែលបានគ្រប់គ្រងទាំងស្រុងឡើងវិញលើព្រំដែន ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) នៅក្នុងសង្រ្គាមមានរយៈពេល ៦សប្ដាហ៍ កាលពីឆ្នាំ២០២០ បានទទួលស្គាល់ថា មានអ្នកស្លាប់ និងរងរបួសនៅក្នុងចំណោមកងទ័ពរបស់ខ្លួនដែលឈរជើងនៅតំបន់ព្រំដែន។ ចំណែកឯ ខាងអាមេនី វិញមិនទាន់ឱ្យដឹងថាតើមានកងទ័ពស្លាប់ និងរងរបួសនៅឡើយទេ ដោយ គ្រាន់តែទទួលស្គាល់ថាការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។

គួរបញ្ជាក់ថា ភ្លាមៗគេមិនទាន់អាចបញ្ជាក់បានពីមូលហេតុនៃការផ្ទុះអាវុធរវាងអាស៊ែបៃហ្សង់ និង អាមេនីនោះទេ ខណៈភាគីទាំង២បានចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក៕