(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ប្រាប់ នាថ្ងៃទី១២ ខែ កញ្ញា ម្សិលមិញនេះថា រយៈពេល៨ខែដើមឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ចំនួន ១,៤០៤,៧៧០នាក់ ហើយបើតាមការព្យាករណ៍នៅឆ្នាំនេះ ខេត្តសៀមរាបអាចនឹងទទួលបាន ទេសចរសរុបជាង២លាន២៧ម៉ឺននាក់។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ (មករា-សីហា) ខេត្តសៀមរាប ទាំងមូលទទួលបានភ្ញៀវទេសចរជាតិចំនួន១,២៩៤,២០០នាក់ កើនឡើង ៩៧៦.២៨% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ចំពោះភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន១១០,៥៧០នាក់ កើនឡើង ១៧៦១.៧៦%។ គិតតាមលំដាប់ថ្នាក់សញ្ជាតិ (តាមគ្រប់មធ្យោបាយ) មានដូចជាភ្ញៀវសញ្ជាតិបារាំង ចិន អង់គ្លេស អាមេរិក វៀតណាម ថៃ អាឡឺម៉ង់ អេស្ប៉ាញ ឥណ្ឌា អូស្រ្តាលី។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «តាមការព្យាករណ៍ពេញ១ឆ្នាំ២០២២ សៀមរាបអាច នឹងទទួលបានភ្ញៀវទេសចរសរុប២,២៧៨,៨៥៤នាក់ ដោយទេសចរជាតិអាចឡើងដល់ ២,០៣៩,០០០នាក់ ទេសចរអន្តរជាតិអាចឡើងដល់២៣៩,៨៥៤នាក់»។
ឯកឧត្តម បានបន្តថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះដែរ ជើងហោះហើរពីអន្តរជាតិចូលមកកាន់ ខេត្តសៀមរាបមានចំនួន៨០២ជើង និងមានអ្នកដំណើរសរុប៦៧,៤២១នាក់។
ជើងហោះហើរពីអន្តរជាតិដែលចូលមកកាន់ខេត្តសៀមរាបនោះ រួមមាន៖
* ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)
* ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និង បាងកក-សៀមរាប)
* ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និង ដាណាង-សៀមរាប)
* ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប)
* ក្រុមហ៊ុន Bamboo Ailine (ហាណូយ-សៀមរាប)
* ក្រុមហ៊ុន Bangkok Airways (បាងកក-សៀមរាប)
* ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប)
* ក្រុមហ៊ុន China Eastern (គួនមិញ-សៀមរាប)។
ក៏មានដែរនូវជើងហោះហើរក្នុងស្រុក៖
* ក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប
និង កំពង់សោម-សៀមរាប)
* ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប)។
គួរជម្រាបថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហាឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូល មកទស្សនាកម្ពុជាមានចំនួន៩៩៨,២៧២នាក់ ហើយបើយោងតាមការព្យាករណ៍ចុងក្រោយក្នុង ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់៕