(ស៉ីដនី)៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលនៃប្រទេសដីកោះសូឡូម៉ុន បានចោទប្រកាន់អូស្រ្តាលីពីបទ «ជ្រៀតជ្រែក» ក្រោយការប្រកាសស្នើផ្តល់នូវមូលនិធិសម្រាប់ការបោះឆ្នោតបន្ទាប់របស់សូឡូម៉ុន ខណៈដែលសភានៃប្រទេសនេះកំពុងពិចារណាលើសេចក្តីព្រាងច្បាប់ សំដៅកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីពន្យារពេលបោះឆ្នោត។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក ម៉ាណាសេហ៍ សូហ្កាវ៉ារ៉េ (Manasseh Sogavare) កំពុង ប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំង ក្នុងចំណោមប្រជាជននៃកោះនេះ បន្ទាប់ពីបានដាក់សំណើ ទៅកាន់សភា អំពីកែប្រែរដ្ឋធម្មនុញ្ញ ដែលនឹងពន្យារពេលរំលាយសភា ដែលបច្ចុប្ប ន្នត្រូវប្រព្រឹត្ត ទៅនៅខែឧសភា ឆ្នាំ២០២៣។ សភាសូឡូម៉ុន អាចនឹងសម្រេចលើសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បាននិយាយនៅថ្ងៃអង្គារនេះថា អូស្រ្តាលីបានស្នើផ្តល់ហិរញ្ញប្បទាន ដល់ការបោះឆ្នោតបន្ទាប់របស់សូឡូម៉ុន ក្រោយលោក សូហ្កាវ៉ារ៉េ បាននិយាយថា ប្រទេសរបស់លោក មិនមានលទ្ធភាពក្នុងការផ្តល់មូលនិធិសម្រាប់ ការប្រកួតកីឡាប៉ាស៉ីហ្វិក និងការបោះឆ្នោត ក្នុងឆ្នាំតែមួយឡើយ។ លោក សូហ្កាវ៉ា ចង់ឲ្យការ បោះឆ្នោត ធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ ឯណោះ ប៉ុន្តែការពន្យារពេលនេះ ទទួលរងនូវការរិះគន់ពី សំណាក់គណបក្សប្រឆាំង៕