(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ ជាពិសេសអាមេរិក ដែលបានប្រឹងប្រែងជួយស្វែងរកវត្ថុ បុរាណរបស់កម្ពុជា ដែលត្រូវបានគេលួចកន្លងទៅនោះ យកមកប្រគល់ជូនកម្ពុជាវិញ។
ការថ្លែងអំណរគុណរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាសថ្លែងសុន្ទរកថាបើកសន្និសីទ អន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើង នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។
នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានបោះជំហានយ៉ាងខ្លាំង ក្នុងការធ្វើមាតុភូមិនិវត្តន៍នូវទ្រព្យ សម្បត្តិជាតិ ដែលត្រូវបានគេលួច ត្រឡប់មកវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អាជ្ញាធរ ផ្នែកអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណចំនួន ៣០មកឱ្យកម្ពុជាវិញ ដែលត្រូវបាន គេរត់ពន្ធចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថេរភាពយ៉ាងខ្លាំងនៅក្នុងប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះ មានពីររូប ដែលមានភាពអស្ចារ្យ និងមានភាពសារៈសំខាន់ជាប្រវត្តិ សាស្ត្រ គឺរូបចម្លាក់ថ្មភក់នៅសតវត្សរ៍ទី១០ របស់ព្រះស្កន្ទគង់នៅលើក្ងោក ដែលត្រូវបានគេលួចពី ប្រាសាទប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទ បាក់ នៅកោះកេរ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិ របស់យើង ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ។ យើងរំពឹងថាតាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ពន្ធភាពអន្តរជាតិ ទ្រព្យ សម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និង ប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ។ ជាលទ្ធផល កិច្ចសហប្រតិបត្តិការនេះ បានរួមចំ ណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក»។
ឯកឧត្តម ជឿជាក់ថា ការប្រគល់វត្ថុបុរាណទាំងនេះ គឺជាការវិលត្រឡប់នៃព្រលឹងបុព្វបុរស មក កាន់ប្រជាជាតិកម្ពុជាវិញ។ លោកថា «ដោយសារប្រទេសកម្ពុជាផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច យើង ព្យាករណ៍ថា ការវិលត្រឡប់មកវិញនៃកំណប់ទ្រព្យជាតិរបស់យើង នឹងក្លាយជាការបំផុសគំនិត សម្រាប់ ការបង្កើតថ្មីកន្លែងសារមន្ទីរថ្មីប្រកបដោយភាពច្នៃប្រឌិត សិល្បៈថ្មី ម៉ូដនិងតន្ត្រី ការងារនានាថ្មី ការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ជម្រើសកម្សាន្តថ្មីៗ និងពង្រីកទេសចរណ៍វប្បធម៌របស់ យើង»។
បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឥទ្ធិពលសាយភាយលើសេដ្ឋកិច្ចពីការវិលត្រឡប់មកវិញ នូវសម្បត្តិជាតិទាំងនេះ នឹងមានឥទ្ធិពលសម្រាប់មនុស្សជំនាន់ក្រោយ។ យើងជឿជាក់ថា យើងនឹង ឃើញការកើនឡើងយ៉ាងលឿនរហ័ស នូវសេចក្តីសាទរ និងមោទនភាពរបស់យុវជនយើង ចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពួកគេ និងក្នុងការបណ្តុះបណ្តាលយុវជន ឱ្យចូលរួមការការពារ បេតិកភណ្ឌវប្បធម៌របស់ខ្លួន រាប់ចាប់ពីការអភិរក្ស ការប្រមូលចងក្រងសមុច្ច័យទុក ការគ្រប់គ្រង ព្រឹត្តិការណ៍ រហូតដល់ការអនុវត្តច្បាប់៕