កូរ៉េខាងត្បូង ប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង Hinnamnor


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុង ហ៊ីនណំាន័រ (Hinnamnor) កំពុងបក់ បោកដោយនំាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះ ស្ថិតនៅ ភាគខាងត្បូងប្រទេស។

ព្យុះទីហ្វុង ហ៊ីនណំាន័រ ត្រូវបានគេរាយការណ៍ថាបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿន ខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើង ដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅ កាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាននៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីព្យុះនេះបក់បោកដល់ តំបន់ដែនទឹក នៃកោះចេជូ (Jeju) នៅពាក់កណ្ដាលយប់ថ្ងៃចន្ទនេះ។ ចំណែកឯ ទីក្រុងមួយចំនួន ដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ក្នុងនោះរួមទីក្រុង ជីវ៉ាងជូ (Gwangju) ប៊ូសាន (Busan) ដេហ្គូ (Daegu) និងទីក្រុងអ៊ូលសាន (Ulsan) ព្រមទាំងកោះចេជូ (Jeju) ខណៈអាជីវកម្មមួយចំនួន ត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានបើកកិច្ចប្រជុំមួយជាមួយក្រុមអាជ្ញាធរ ដើម្បីត្រួតពិនិត្យឡើងវិញលើប្រព័ន្ធឆ្លើយតប ទៅនឹងគ្រោះមហន្តរាយជាមួយការសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខូចខាត និងផលប៉ះពាល់បង្កឡើងខ្យល់ព្យុះ៕