(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ ពីភាពជឿនលឿនទៅមុខនៃប្រតិបត្តិការវាយដណ្ដើមយកទឹកដី មកវិញ ដែលបានចាប់ផ្ដើមកាលពី សប្ដាហ៍មុន ជាមួយការអរគុណដល់កងកម្លាំងរបស់លោកដែលដណ្ដើមបានទីតាំងចំនួន២ ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស និងទីតាំងមួយទៀតនៅឯភាគខាងកើត។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតឱ្យច្បាស់ពីពេលវេលា និងឈ្មោះទីតាំងខាងលើដែលកង កម្លាំងអ៊ុយក្រែនវាយយកបានពីទាហានរុស្ស៉ី មកវិញនោះទេ ប៉ុន្តែលោកបានឱ្យដឹងថាលោកទទួល បានព័ត៌មានល្អនេះនៅឯកិច្ចប្រជុំមួយ កាលពីអាទិត្យចុងសប្ដាហ៍កន្លងទៅនេះពីសំណាក់ មេបញ្ជា ការ និងប្រមុខចារកម្មរបស់លោក។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមបានទីតាំងមួយ នៅក្នុងតំបន់ដូណេត ស្ថិតនៅភាគខាងកើត នៃប្រទេស និង ២ទីតាំងទៀត ក្នុងតំបន់ភាគខាងត្បូង ជាទីដែលអ៊ុយក្រែនកំពុងផ្ដោតលើប្រតិបត្តិការវាយលុកដណ្ដើមយកទឹកដីមកវិញ៕