លោក ចូ បៃដិន ចោទថាលោក ដូណាល់ ត្រាំ និងចលនា MAGA កំពុងបំផ្លាញប្រជាធិបតេយ្យ អាមេរិក


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានចោទប្រកាន់លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីរូបនេះថាកំពុង បំផ្លាញលទ្ធិប្រជាធិបតេយ្យអាមេរិក និងជំរុញ ឱ្យប្រជាជនអាមេរិកទាំងអស់បដិសេធចោលនូវគំនិតជ្រុលនិយម នៅមុនការបោះឆ្នោតពាក់កណ្ដាល អាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។

លោក ចូ បៃដិនធ្វើការចោទប្រកាន់ខាងលើដោយចង់សំដៅលើអ្នកតំណាងរាស្ត្រ និងអ្នកគាំទ្រ ចលនា Make America Great Again (MAGA) របស់ លោក ដូណាល់ ត្រាំ ជាមួយការសង្កត់ ធ្ងន់ថាអ្នកទាំងនោះមានបំណងលុបចោលការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនអើពើនឹងរដ្ឋ ធម្មនុញ្ញ និងបានប្ដេជ្ញាចិត្តនាំសហរដ្ឋអាមេរិកត្រឡប់ទៅរកអតីតកាលវិញ ជាពេលដែលគ្មានសិទ្ធិ រំលូតកូន គ្មានសិទ្ធិឯកជន គ្មានសិទ្ធិពន្យារកំណើត និងគ្មានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទ ដូចគ្នា។

នៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង ហ្វីឡាដែលហ្វី (Philadelphia) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «លោក ដូណាល់ ត្រាំ និងអ្នកសាធារណរដ្ឋគាំទ្រចលនា MAGA គឺជាក្រុមជ្រុលនិយមដែលគំរាមកំហែងដល់រាល់មូលដ្ឋានគ្រឹះនៃសាធារណរដ្ឋរបស់ យើង…ហើយខណៈខ្ញុំកំពុងឈរនៅទីនេះ សមភាព និងប្រជាធិបតេយ្យកំពុងរងការវាយប្រហារ»