អ៊ុយក្រែន និងរុស្ស៉ី អះអាងពីជ័យជម្នះរៀងៗខ្លួន ក្នុងការវាយប្រហារថ្មីៗ នៅឯតំបន់ភាគខាងត្បូង

 (កៀវ)៖  តាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ គឺ អ៊ុយក្រែន បានអះអាងថា ទាហានរបស់ខ្លួនបានវាយបំបែកខ្សែការពារជាច្រើន ទីតាំងរបស់កងកម្លាំងរុស្ស៉ី នៅក្បែរទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងកៀវ កំពុងបង្កើនយុទ្ធនាការវាយដណ្តើមយកទឹកដីមកវិញ។ ប៉ុន្តែ ទីក្រុងម៉ូស្គូក៏បាន អះអាងដែរថាការវាយលុក របស់អ៊ុយក្រែនបានទទួលបរាជ័យ ដោយរុស្ស៉ីបានបាញ់ផ្លោងយ៉ាង ខ្លាំងលើទីក្រុងកំពង់ផែម៉ាយកូលេវ (Mykolaiv)។

លោក អូឡិចស៉ី អារ៉េសស្តូវ៉ិច (Oleksiy Arestovych) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី អ៊ុយក្រែន បានគូសបញ្ជាក់ថា «ខ្ញុំសូមកត់សម្គាល់ថាថ្ងៃនេះ យើងបានវាយបំបែកខ្សែការពារជា ច្រើននៃកងកម្លាំងរុស្ស៊ី ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ»។ លោកបានបន្ថែមថា កងកម្លាំង អ៊ុយក្រែនបានបាញ់ ផ្លោងលើកប៉ាល់ ដែលក្រុងម៉ូស្គូកំពុងប្រើប្រាស់ដើម្បីបញ្ជូនការផ្គត់ផ្គង់ដល់កង កម្លាំងរុស្ស៉ី នៅលើទឹកដីដែលខ្លួនកាន់កាប់ស្ថិតនៅច្រាំងខាងលិចនៃទន្លេ ឌីនីប្រូ (Dnipro) នៃទីក្រុង ខឺសុន។ក្រសួងការពារជាតិរុស្ស៊ីក៏បានទទួលស្គាល់ដែរថា ទាហានអ៊ុយក្រែនកំពុងព្យាយាមវាយលុក នៅក្នុងទីក្រុង ម៉ាយកូលេវ និងទីក្រុងខឺសុន ប៉ុន្តែត្រូវរងការវាយបក វិញយ៉ាងធ្ងន់ធ្ងរពីសំណាក់កង កម្លាំងរុស្ស៉ី។ យ៉ាងណាក៏ដោយ មន្ត្រីមូលដ្ឋានដែលតែងតាំងដោយរុស្ស៊ីបាននិយាយថាគ្រាប់រ៉ុក្កែត របស់អ៊ុយក្រែនបានធ្វើឱ្យ ទីក្រុងណូវ៉ា កាខូវកា (Nova Kakhovka) ដែលកាន់កាប់ដោយរុស្ស៊ីគ្មាន ទឹក និងថាមពលប្រើប្រាស់។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍សមរភូមិខាងលើ បាននៅឡើយទេ។ ប៉ុន្តែ មន្ត្រីប្រចាំទីក្រុង និងសាក្សី បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការ បាញ់ផ្លោងរបស់រុស្សីថ្មីៗលើទីក្រុងម៉ាយកូលេវ សម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួស ២៤នាក់ផ្សេងទៀត និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង៕