ក្រសួងការងារ ជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៨៥ ជូនកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ


 (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៤,៥១៧នាក់ នៃសហគ្រាស ទាំង៥១ នៃវិស័យ ទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាលស្តីពីការបើកផ្ដល់ប្រាក់ ឧបត្ថម្ភលើកទី៨៥ ជូន។

ក្រសួងបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋា ភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល សហគ្រាសនាពេល កន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

* ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ

* ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបាន សារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទ ដែលទទួល បានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ៕