ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអគ្គរាជទូតជប៉ុន ចុះសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យ បង្អែកស្រុកក្រូចឆ្មារ និងពិនិត្យសំណង់ និងសម្ភារបរិក្ខារពេទ្យ


 (ត្បូងឃ្មុំ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បាន ចុះជួបសំណេះសំណាលជាមួយបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងពិនិត្យសំណង់ និង សម្ភារបរិក្ខារពេទ្យបំពាក់នៅអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

ការចុះជួបសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាម ច័ន្ទសោភ័ណ អភិបាតខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីមួយចំនួនផងដែរ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ មានផ្ទៃដីទំហំសរុប ១២ ៦៤៧ ម៉ែត្រក្រឡា និងបានពង្រីក ផ្ទៃដីបន្ថែមទំហំ ៥ ៦២៥ ម៉ែត្រក្រឡា ធ្វើឱ្យផ្ទៃដីមន្ទីរពេទ្យបច្ចុប្បន្នមានទំហំ ១៨ ២៧២ ម៉ែត្រ ក្រឡា។

អគារមន្ទីរពេទ្យថ្មីចំនួន ២ មានទំហំប៉ុនគ្នា កម្ពស់ ៤ជាន់ ស្មើ ១៥,១០ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកនេះ និងមានការបំពាក់ នូវសម្ភារបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំ ការសាងសង់ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

ការសាងសង់អគារមន្ទីរពេទ្យនេះក៏បានគិតគូររៀបចំឱ្យមានបន្ទប់សម្រាកសម្រាប់គ្រូពេទ្យដែលមកពីឆ្ងាយដើម្បីជួយសម្រួលដល់ការស្នាក់នៅនិងការចំណាយជួលផ្ទះ។
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយ បំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ ស្មើ ២៦២ ៨០០ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកក្រូចឆ្មារដែលជាសមិទ្ធផលនៃ «គម្រោងបំពាក់បរិក្ខារពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ» ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ អង្គការបេះដូងជប៉ុន ក៏បានជួយបណ្តុះ បណ្តាលជំនាញវះកាត់និងចុះជួយវះកាត់និងព្យាបាលផ្ទាល់ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល លោក MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលក សាងឡើងនៅក្នុងស្រុកក្រូចឆ្មារ ដែលការសាងសង់ដំណើរការទៅដោយរលូន ទាន់ពេលវេលា និងមិនមានការរាំងស្ទះ ទោះជាប្រឈមនឹងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ជាមួយ នឹងការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើប និងអាចដំណើរការស្របតាមកម្រិតដែលបានស្នើសុំទៅ ជាកម្រិត ២ (CPA 2)។ ជាមួយនេះ លោកឯកអគ្គរាជទូត សង្ឃឹមជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើនបន្ថែមទៀត៕