សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹក ភ្លៀង តាមខេត្តជាប់ព្រំដែនថៃ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តជាប់ជាមួយព្រំដែនប្រទេស ថៃ។ ជាពិសេសត្រៀមជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព បញ្ចៀសហានិភ័យដល់អាយុជីវិត។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទឹកភ្លៀងដែលធ្លាប់ជាប់គ្នាក្នុងរយៈ ពេលប៉ុន្មានថ្ងៃមកនេះ បានបង្កឱ្យមានទឹកហូរធ្លាក់ពីភ្នំ និងពីប្រទេសថៃផង បង្កការជន់លិចនៅតាម តំបន់ទំនាបមួយចំនួន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះថា «សម្តេច តេជោ លោកបានដាក់បទបញ្ជាម៉ឺងម៉ាត់មកកាន់រូបខ្ញុំ ឱ្យចុះមកតាមខេត្តជាប់ព្រំដែន ហើយត្រូវ ត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយទឹកជំនន់។ ជាពិសេសត្រូវបញ្ចៀសការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

ក្នុងនាមជាសេនាធិការជួរមុខរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអនុវត្តន៍តាមបទបញ្ជាយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងចល័តនៅ តាមបណ្តាខេត្តនានាជាប់ព្រំដែនថៃ ដើម្បីតាមដានស្ថានភាពទឹក និងចាត់ចែងរៀបចំមន្ត្រីគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយតាមខេត្តនីមួយៗ ត្រៀមឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នេះ។

ដោយឡែកនៅថ្ងៃម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅកាន់ខេត្តព្រះវិហារ ដែលតំបន់មួយចំនួននៅក្នុងខេត្តនេះ កំពុងរង់ការជន់លិចដោយជំនន់ទឹកភ្លៀង។ ឯកឧត្តម ទេស រដ្ឋមន្ត្រី បានឱ្យដឹងថា ទឹកស្ទឹងសែន នៅទីរួមខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជិតមួយ សប្តាហ៍កន្លងទៅនៅខាងភ្នំដងរែក ទឹកហូរចុះមកក្រោម ធ្វើឱ្យទឹកស្ទឹងសែនឡើងដល់កម្ពស់ ១១.៩៥ម៉ែត្រ លើសកម្រិតត្រូវប្រុងប្រយ័ត្ន ០.៤៥ម៉ែត្រ និងបានហូរចូលលំនៅដ្ឋានមួយចំនួន និងទីទំនាបនៅតាមមាត់ស្ទឹង កន្លែងខ្លះត្រឹមជង្គង់ កន្លែងខ្លះត្រឹមភ្លៅ តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ទេ។ បន្ថែមពីលើនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះទៅកាន់តំបន់លិចលង់ ពិនិត្យ ផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋជាមួយការផ្តល់ដំបូន្មានមួយចំនួនទៅកាន់ប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិជម្លៀសខ្លួនក្នុងករណីលិចលង់ខ្លាំង និងថែទាំទុកដាក់កូនចៅកុំឱ្យលេងទឹកដែលនាំឱ្យ គ្រោះថ្នាក់ដល់អាយុជីវិតជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់អាជ្ញាធរខេត្តរួមជាមួយកងសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ ត្រៀមកម្លាំង និងមធ្យោបាយសម្រាប់ជួយសង្គ្រោះប្រជាជនពេលរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចាប់តាំងពីត្រូវបានតែងតាំងជាអនុប្រធានទី១ នៃគណៈកម្មការគ្រប់ គ្រង់គ្រោះមហន្តរាយនៅឆ្នាំ២០១៩មក លោកតែងតែបានធ្វើសកម្មភាពយ៉ាងសកម្មបំផុតនៅពេល មានគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់។ ក្នុងនោះកាលពីគ្រោះទឹកជំនន់ឆ្នាំ២០២០ ក្នុងនាម ជាសេនាធិការ និងជាភ្នែកច្រមុះរបស់សម្តេចតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្ត្រីបានចុះគ្រប់គ្រង ស្ថានការណ៍ដោយផ្ទាល់នៅខេត្តទិសពាយព្យនាពេលនោះ។

ក្នុងតួនាទីជាប្រតិបត្តិករលើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ទទួលបាន ការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់លើការងារសង្គ្រោះពលរដ្ឋ និងដោះស្រាយផលប៉ះពាល់នានាបង្កដោយជំនន់ទឹកភ្លៀងនោះ៕