(ភ្នំពេញ)៖ មន្ដ្រីជំនាញសុខាភិបាល បានក្រើនរំលឹកជាថ្មីទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់ រូប កុំបណ្ដោយឲ្យកូនតូចៗរបស់ខ្លួនប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចច្រើនពេក ព្រោះយូរៗទៅអាច ប្រឈមនឹងជំងឺផ្លូវចិត្ត ឬអូទីហ្សឹម។
កុមារដែលកើតជំងឺអូទីហ្សឹម ត្រូវបានគេកត់សម្គាល់ថា ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់២ឆ្នាំហើយ មិនទាន់ចេះនិយាយ និងពេលខឹង ម្តងៗមិនចង់ឲ្យគេលួងលោមជាដើម។
ផ្ដើមចេញពីកត្ដារួមចំណែកនេះហើយ បានជានាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ឧបត្ថម្ភដោយអង្គការសុខភាពពិភពលោក ផ្ដើមរៀបចំសេចក្ដីព្រាងផែនការ យុទ្ធសាស្ដ្រសុខភាពផ្លូវចិត្ត ២០២២-២០៣០។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ហុក គឹមចេង អគ្គនាយកបច្ចេក ទេសសុខាភិបាល។
បើតាមលោក ហុក គឹមចេង កត្ដាជំងឺអូទីហ្សឹម ក៏រួមផ្សំជំរុញឲ្យក្រសួងសុខាភិបាល ពិសេសនាយក ដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សិក្សារៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ សុខភាពផ្លូវចិត្តនេះឡើងផងដែរ ដើម្បីជាការដាស់តឿន និងពញាក់ស្មារតីរបស់ប្រជាពលរដ្ឋ។
លោក ហុក គឹមចេង បានថ្លែងយ៉ាងដូច្នេះថា «កុមារដែលមិនសូវបាននៅជិតកៀគកើយជាមួយឪពុក ម្ដាយ ជាពិសេសម្ដាយ ហើយបានប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាដើម ក្នុងនោះយូរៗទៅអាចធ្វើឲ្យ កុមារកើតជាជំងឺផ្លូវចិត្តម្យ៉ាង ដែលយើងហៅថា អូទីហ្សឹម កាន់តែមានច្រើនឡើងៗ។ ផ្ដើមចេញពីការព្រួយបារម្ភនេះហើយ ដែលនាយកដ្ឋានសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន ក្រសួងសុខាភិបាល នឹងរៀបចំផែនការយុទ្ធសាស្ដ្រសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣០ ឲ្យស្របយុទ្ធ សាស្ដ្រសុខាភិបាល សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងរាប់តាំងពីទារក កុមារ ដល់មនុស្ស វ័យចំណាស់ មានសុខភាពល្អ ពិសេសសុខភាពផ្លូវចិត្ដ»។
អគ្គនាយកបច្ចេកទេសសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា ការរៀបចំផែនការសុខភាពផ្លូវចិត្ត នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ដោយសារតែស្របគ្នាជាមួយផែនការយុទ្ធសាស្ដ្រសុខាភិបាល ២០២៣-២០៣០ ហើយក៏ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ក្នុងការធ្វើយ៉ាង ណាឲ្យសុខមាលភាពប្រជាជនល្អប្រសើរ ពិសេសបញ្ហាសុខភាពផ្លូវចិត្តត្រូវតែរកឲ្យឃើញ និងព្យា បាលឲ្យទាន់ពេលវេលា។
លោកបានអះអាងទៀតថា ការរៀបចំផែនការយុទ្ធសាស្ដ្រនេះ ក៏មានការគាំទ្រពីអង្គការសុខភាព ពិភពលោក និងអង្គការជាដៃគូជាច្រើន ព្រមទាំងមន្ដ្រីជំនាញឯកទេសពីមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរ ពេទ្យខេត្ត អ្នកជំនាញការជាតិ អន្ដរជាតិជាច្រើនទៀត ដើម្បីចូលរួមរៀបចំការនេះមានលក្ខណៈ គ្រប់ជ្រុងជ្រោយ។ ដោយសារបញ្ហាសុខភាពផ្លូវចិត្តនេះពាក់ព័ន្ធពហុវិស័យ ដូច្នេះក៏មានការចូលរួម ពីក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។
គួរជម្រាបថា របាយការណ៍ស្រាវជ្រាវបានបង្ហាញឲ្យដឹងថា មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅលើពិភពលោក មានអ្នកជំងឺផ្លូវចិត្តប្រមាណ៩៧០លាននាក់ (ប្រេវ៉ាឡង់ចំណុចនៃជំងឺផ្លូវចិត្តមាន ប្រមាណ១៣ភាគរយ) ក្នុងចំណោមប្រជាជន៨នាក់ មានម្នាក់មានជំងឺផ្លូវចិត្ត៕