ព្រឹកនេះសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់មហា ចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធរំដោះជាតិ 


 (ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃ សៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២នេះ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មហាចេ តិយសម្រាប់តម្កល់អដ្ឋិធាតុនិងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជានេះ ត្រូវបានសាងសង់ឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៥ឆ្នាំនៃទិវាចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំធ្វើមាតុភូមិអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩រូប ដែលបានបញ្ចុះនៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នាពេលនោះថា កម្ពុជាមានសុខសន្តិភាព មានលទ្ធភាព ដែលគួរដល់ពេលនាំអដ្ឋិធាតុយុទ្ធជនរំដោះជាតិគ្មានសាច់ញាតិទាំងនោះ ត្រឡប់មកកាន់ទឹកដី កំណើតវិញផងដែរ។ សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំកន្លែងតម្កល់អដ្ឋិធាតុយុទ្ធជនស្នេហាជាតិ របស់កម្ពុជានោះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។

សម្តេចតេជោ ក៏ធ្លាប់បានគូសបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម កាលពីខែកក្កដា ឆ្នាំ២០២២នេះដែរថា អដ្ឋិធាតុរបស់យុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩រូប នឹងនាំមកតម្កល់នៅកម្ពុជាវិញនៅឆ្នាំ២០២៣៕