លោកស្រី ត្សៃ អ៊ីងវិន ថាតៃវ៉ាន់ កំពុងប្រឈមមុខនឹងសម្ពាធ «មិនអាចពិពណ៌នាបាន» ពីចិន


(តៃប៉ិ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ អោយដឹថា មេដឹកនាំកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានបំពេញ ទស្សនកិច្ចចុះ សួរសុខទុក្ខកងទ័ពជើងទឹកតៃវ៉ាន់ ដើម្បីអរគុណ ដោយផ្ទាល់ សម្រាប់កិច្ចខិតខំប្រឹង ប្រែង កំឡុង ការធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃរបស់ចិន និងបានចាត់ទុកថាសម្ពាធដែលពួកគេ កំពុងប្រឈមគឺ ធំធេងមិនអាចពិពណ៌នាបានឡើយ។

នៅក្នុងដំណើរទស្សនកិច្ច នៅឯមូលដ្ឋានទ័ពជើងទឹក ស៊ូអាវ (Suao) ស្ថិតនៅឆ្នេរភាគឦសានកោះ តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី ត្សៃ ក៏បានប្រាប់កងទ័ពជើងទឹកតៃវ៉ាន់ផងដែរពី ភាពចាំបាច់នៃការតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងចិន។ លោកស្រី ត្សៃ បានសង្កត់ ធ្ងន់ដូច្នេះ ថា «នៅចំពោះមុខការគំរាមកំហែង និងការបង្កហេតុរបស់ចិននៅខាងក្រៅដែនទឹករបស់តៃវ៉ាន់ វាពិត ជាមានសារៈសំខាន់ណាស់ក្នុងការ តាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរបស់សត្រូវគ្រប់ពេលវេលា ទាំងអស់។ ដ្បិតសម្ពាធសព្វថ្ងៃគឺធំធេងមិនអាចពិពណ៌នាបានឡើយ»

គួរបញ្ជាក់ថា ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធទ្រង់ទ្រាយ ធំមិនធ្លាប់មានព័ទ្ធជុំវិញតៃវ៉ាន់ នៅក្នុងខែសីហានេះ ដើម្បីបង្ហាញការខឹងសម្បារចំពោះដំណើរ ទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅទីក្រុងតៃប៉ិ៕