(ហ្សាការតា)៖ យោងតាមការបញ្ជាក់របស់លោក ចូកូ វីដូដូ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និង ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅចុងឆ្នាំ២០២២នេះ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ លោក វីដូដូ បានគូសបញ្ជាក់ដូច្នេះថា លោក ស៊ី ជិនពីង នឹងមកចូលរួម ហើយលោកប្រធានាធិបតី ពូទីន ក៏បានប្រាប់ខ្ញុំដែរថា គាត់នឹងមក ចូលរួម (កិច្ចប្រជុំកំពូល G20)។ នេះជាលើកដំបូងហើយដែលលោក វីដូដូ ទទួលស្គាល់ថាមេដឹកនាំ ចិន និងរុស្ស៉ីមានគម្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាង មុខនេះ។
ក៏ប៉ុន្តែ ខាងក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងផែនការធ្វើដំណើរ របស់លោក ស៊ី ជិនពីង ដែលមិនធ្លាប់បានធ្វើ ដំណើរចេញក្រៅប្រទេសនោះទេ ចាប់តាំងពីកូវីដ១៩ ផ្ទុះឡើងមក។ ចំណែកឯ អ្នកនាំពាក្យម្នាក់នៃវិមានក្រឹមឡាំង ក៏បានបដិសេធធ្វើ អត្ថាធិប្បាយដែរ តែប្រភពពីមន្ត្រីរុស្ស៉ីផ្សេងទៀតបានទទួលស្គាល់ថាលោក ពូទីន ពិតជាមានគម្រោងចូលរួមក្នុងកិច្ច ប្រជុំកំពូល G20 ពិតមែន៕