(ដាម៉ាស់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ គឺកាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលស៉ីរីបានចេញមុខបដិសេធថា ខ្លួនមិន បានចាប់ជំរិតឬមួយក៏ឃុំឃាំង អ្នកកាសែតអាមេរិកម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ១ទសវត្សរ៍មកហើយ នោះឡើយ បន្ទាប់ពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបានទាមទារឱ្យទីក្រុងដាម៉ាស ដោះលែងរូបលោកត្រឡប់មកមាតុភូមិវិញ។
លោក អូស្ទីន ថាយ (Austin Tice) ដែលជាអតីតទាហានអាមេរិក និងមានការងារជាអ្នកកាសែត ក្រៅក្របខណ្ឌ ត្រូវបានគេចាប់ជំរិត កាលពីខែសីហា ឆ្នាំ២០១២ ក្នុងវ័យ៣១ឆ្នាំ នៅពេលកំពុង ធ្វើសកម្មភាពរាយការណ៍ព័ត៌មាន ចេញពីរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី ស្តីពីចលនាបះបោរ ប្រឆាំងនឹង ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់ អាស្សាដ (Bashar al-Assad) នាពេលនោះ។
គ្រួសាររបស់លោក Tice ជឿជាក់ថា បច្ចុប្បន្នរូបលោកនៅមានជីវិតនៅឡើយ ហើយកំពុងស្ថិត ក្រោមការឃុំឃាំង នៅក្នុងប្រទេសស៉ីរី។ រហូតមកទល់ពេលនេះ អត្តសញ្ញាណនៃក្រុមអ្នកចាប់ ជំរិតលោក Tice គឺមិនទាន់ត្រូវបានដឹងច្បាស់ឡើយ ហើយក៏មិនមានឃើញក្រុមណាមួយ ចេញមុខ អះអាងទទួលខុសត្រូវថា ជាទង្វើរបស់ពួកគេនោះដែរ៕