(តូក្យូ)៖ សារព័ត៌មានជប៉ុនជិជិ (Jiji) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នេះថាទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក តាកេអុ អាគីបា (Takeo Akiba) បានបើកកិច្ចពិភាក្សា មួយជាមួយមន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) កាលពីថ្ងៃពុធសប្ដាហ៍នេះ ចំពោះមុខភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជប៉ុន សារព័ត៌មាន Jiji បានឱ្យដឹងទៀតថាមន្ត្រី ជាន់ខ្ពស់នៃប្រទេសទាំង២ បានឯកភាពគ្នា ថានឹងបន្តកិច្ចសន្ទនា ដើម្បីសម្រេចឱ្យបាននូវទំនាក់ ទំនងប្រកបដោយលក្ខណស្ថាបនា និងមានស្ថិរភាព។ នៅក្នុងជំនួបនោះដែរ លោក អាគីបា ក៏បាន បញ្ជាក់ឡើងវិញដែរពីគោលជំហររបស់ជប៉ុនចំពោះសំណុំរឿងតៃវ៉ាន់ ជាមួយការសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ជារឿងសំខាន់បំផុត។
ភាពតានតឹងភូមិសាស្ត្រនយោបាយពាក់ព័ន្ធនឹងតៃវ៉ាន់ បានឡើងកម្ដៅខ្លាំងក្នុងខែសីហានេះ ក្រោយ ប្រធានសភាតំណាងរាស្ត្រអាមេរិកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់។ ទីក្រុងប៉េកាំង ដែលបានចាត់ ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់ មាន ឆ្លើយតបទៅនឹងទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ក្នុងនោះរួមមានទាំងការបាញ់មីស៊ីលរំលងកោះ តៃវ៉ាន់ និងមានមីស៊ីលខ្លះក៏បានធ្លាក់ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុនផងដែរ៕