ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើង ខណៈការនាំចូលកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន


(តូក្យូ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា ការនាំចូលរបស់ប្រទេសជប៉ុនបានកើនឡើង ដល់ខ្ពស់បំផុតថ្មីមួយនៅក្នុងខែកក្កដា ដែលត្រូវបានជំរុញដោយអតិផរណាប្រេងឥន្ធនៈពិភពលោក និងការធ្លាក់ចុះប្រាក់យ៉េន ដែលដាក់បន្ទុកលើការនាំចេញ និងធ្វើឱ្យឱនភាពពាណិជ្ជកម្មកាន់តែ រីកធំឡើងដែលជាសញ្ញាបង្ហាញពីការធ្លាក់ចុះពាណិជ្ជកម្មបន្ថែមទៀតសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញនេះ។

ទិន្នន័យពាណិជ្ជកម្មនេះត្រូវបានចេញផ្សាយបន្ទាប់ពីមានការចេញផ្សាយសន្ទស្សន៍អាជីវកម្ម Reuters Tankan ដែលបង្ហាញពីភាពប្រសើរឡើងនៃអារម្មណ៍អាជីវកម្មនៅប្រទេស ជប៉ុននៅក្នុងខែ សីហាខណៈដែលសន្ទស្សន៍ការចំណាយមូលធនសាជីវកម្មដ៏សំខាន់មួយបានស្ទុះងើបឡើងវិញនៅក្នុងខែមិថុនាពីការធ្លាក់ចុះកាលពីខែឧសភា។

បើទោះបីជាទិន្នន័យចម្រុះផ្តល់ភស្តុតាងមួយចំនួនបង្ហាញពីស្ទុះងើបឡើងវិញក៍ដោយ ក៏អ្នកបង្កើត គោលនយោបាយទំនងជានៅតែអំពាវនាវឱ្យមានវិធាការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ខណៈដែល សេដ្ឋកិច្ចធំទីបីរបស់ពិភពលោកមួយនេះកំពុងតស៊ូជម្នះនឹងផលវិបាកដែលបង្កឡើងដោយជំងឺរាតត្បាត និងខណៈដែលចក្ខុវិស័យសកលធ្លាក់ចុះ។

លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin ត្រូវបានដកស្រង់ សំដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការនាំចេញទំនងជានឹងធ្លាក់ចុះនៅពេលខាងមុខ ដោយ សារការរឹតបន្តឹងជាសកលនៃគោលនយោបាយរូបិយវត្ថុ ដែលអាចបង្អាក់ចំណង់វិនិយោគរបស់ សាជីវកម្ម»។

លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចដែលដឹកនាំដោយការនាំចេញរបស់ប្រទេសជប៉ុន នឹងបាត់បង់ សន្ទុះនៅក្នុងឆ្នាំនេះនិងដើមឆ្នាំក្រោយក្នុងគ្រាដែលមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក»។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញនៅថ្ងៃពុធ ការនាំចេញបានកើនឡើង ១៩ភាគរយ ក្នុងខែកក្កដាធៀបរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាកំណើនរយៈពេល ១៧ ខែជាប់គ្នាដែលនាំមុខ ដោយការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក និងការនាំចេញផលិតផលពាក់ព័ន្ធនឹងបន្ទះឈី បទៅកាន់ប្រទេសចិន។ កំណើននេះខ្ពស់ជាងការព្យាករដែលថាមឹនត្រឹមតែ ១៨,២ភាគរយ។

ការនាំចូលបានកើនឡើង ៤៧,២ភាគរយនៅក្នុងខែកក្កដា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិតខ្ពស់បំផុតមិនធ្លាក់មាន ១០,២ទ្រីលានយ៉េន (៧៦,០៦ប៊ីលានដុល្លារ) ដែលជំរុញដោយ តម្លៃប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ។ កំណើននេះមានកម្រិតខ្ពស់ជាងការព្យាករដែលថាមានត្រឹមតែ ៤៥,៧ភាគរយ និងមានកម្រិតខ្ពស់ ជាងឆ្ងាយពីការនាំចេញ ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្មរហូតដល់ ១,៤៣៦៨ទ្រីលានយ៉េនក្នុង ខែកក្កដា។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺទិន្នន័យក៏បានបង្ហាញផងដែរ ការធ្លាក់ចុះថ្លៃប្រាក់យ៉េន ២៣,១ភាករយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បានបង្កឱ្យការចំណាយលើការនាំចូល កាន់តែខ្ពស់ជាងមុន។ ៕