តុលាការប្រទេសហូឡង់ នឹងប្រកាសសាលក្រមនៃការកាត់ទោសចំពោះជនសង្ស័យ ក្នុងការធ្លាក់យន្ត ហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ នៅថ្ងៃទី ១៧ ខែវិច្ឆិកា


 (ហូឡង់)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ ២០២២ អោយដឹងថា តុលាការប្រទេសហូឡង់ ដែលបើកសវនាការកាត់ទោសឃាតកម្មលើជន សង្ស័យចំនួន ៤នាក់ ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ បាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួននឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែវិច្ឆិកា។

រដ្ឋអាជ្ញាបាននិយាយថា ចុងចោទជនជាតិអ៊ុយក្រែនម្នាក់ និងជនជាតិរុស្សីបីនាក់ ដែលសុទ្ធសឹង ជាក្រុមធំពីរ បានជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតដល់ក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី ដែលបានបាញ់រយន្ត ហោះ MH17 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយមនុស្ស២៩៨នាក់នៅលើយន្តហោះត្រូវ បានសម្លាប់។

រដ្ឋអាជ្ញាកំពុងស្វែងរកការផ្តន្ទាទោសមួយជីវិត ចំពោះជនសង្ស័យទាំងអស់នោះ។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ផ្ទុកមនុស្ស២៩៨នាក់មានទាំងអ្នកដំណើរ និងក្រុមអាកាសយានិក ត្រូវបានគេបាញ់ទម្លាក់នៅ ឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤។ បណ្ដាប្រទេស និងក្រុមអ្នក ជំនាញលោកខាងលិចបានចោទថាក្រុមឧទ្ទាមផ្ដាច់ទឹកដីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលប្រភេទ BUK ដែលផលិតដោយរុស្ស៊ីបាញ់ទម្លាក់យន្ដហោះមួយនេះ។ ប៉ុន្តែទីក្រុងម៉ូស្គូ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕