ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ា លើក ទី៤៣ នៅកម្ពុជា


 (ឥណ្ឌា)៖ ក្នុងឱកាសបំពេញបេសកកម្មនៅ សាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លើកទី ៤៣ ក៏បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សា ជាមួយ អនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ ព័ន្ធនានានៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់ នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ ឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំ នៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូ អាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា។

ក្នុងជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា ក៏បានកោត សរសើរចំពោះភាពសកម្មរបស់សភាឥណ្ឌា ដែលជាសភាសង្កេតការណ៍ ដ៏ចំណាស់របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ាក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃ ការងារការទូតសភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគោរពអញ្ជើញសមភាគីសភា ឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែល ធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីជំនួបជាមួយអនុប្រធានសភាឥណ្ឌា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានបន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថាន ប្រជាធិបតេយ្យ សភាឥណ្ឌា និងបាន ថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍ ទៅសិក្សា នៅទីនោះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំ ពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ផងដែរ។

ចំណែកភាគី វិទ្យាស្ថាន ក៏បានជម្រាបជូនគណៈប្រតិភូអាយប៉ា ពីការធ្វើការទំនាក់ទំនងជាមួយអគ្គ រដ្ឋទូតឥណ្ឌា ប្រចាំហ្សាកាតា ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការ លើវិស័យធនធានមនុស្ស តាមរយៈ ការបង្កើតកម្មវិធីហ្វឹកហ្វឺនធនធានមនុស្ស មន្រ្តី និងសមាជិកសភា ជាពិសេស ការកសាងសមត្ថ ភាពមន្រ្តីសភា ដើម្បីសេវាជូនសមាជិក សមាជិកា សភាកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា នៅក្នុងព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូអាយប៉ា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានអញ្ជើញទៅដាក់កូរ៉ោនផ្កា នៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជន ឥណ្ឌា ដោយអហិង្សាផងដែរ៕