ក្រុមហ៊ុនយន្តហោះប៊ូអ៊ីង ប្រកាសចាត់តាំងបុគ្គលិកចំនួន៣ពាន់នាក់ឡើងវិញ

បរទេស ៖ ក្រុមហ៊ុនផលិតយន្ដហោះប៊ូអ៊ីញរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងចាត់តាំងបុគ្គលិករបស់ខ្លួន ចំនួន ៣០០០ នាក់ ឱ្យកាន់មុខតំណែងផ្សេងៗ នៅពាក់កណ្តាលខែមករាឆ្នាំ ២០២០ បន្ទាប់ពីក្រុមហ៊ុននេះ បញ្ឈប់ការផលិតយន្ដហោះប្រភេទ ៧៣៧ MAX ជាបណ្តោះអាសន្ន ។

ក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសនៅក្នុងអ៊ីម៉ែល របស់ក្រុមហ៊ុន ដល់បុគ្គលិករបស់ខ្លួន។ បុគ្គលិកចំនួន ៣០០០ នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងការចាត់តាំងឡើងវិញនេះ ភាគច្រើនមានមុខងារ នៅរោងចក្រ Renton របស់ក្រុមហ៊ុន Boeing ជិតទីក្រុង Seattle រដ្ឋ Washington និងបណ្តាញផលិតកម្មរបស់ក្រុមហ៊ុន នៅរដ្ឋ សៅ ខារ៉ូលីណា ដែលបានកាន់កាប់មុខជំនួញ ហើយពួកគេភាគច្រើន ក៏ជាអ្នកធ្វើការលើការ ផលិត យន្ដហោះដឹកអ្នកដំណើរ ៧៣៧ MAX ។

ការបញ្ឈប់ប្រតិបត្តិការយន្តហោះ ៧៣៧ MAX ជាយន្តហោះដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង បានធ្វើឡើងនៅពាក់កណ្តាលខែមីនា ឆ្នាំមុន បន្ទាប់ពីយន្តហោះប្រភេទនេះ ២ គ្រឿង បានធ្លាក់ នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពី នៅខែតុលាឆ្នាំ ២០១៨ និង ខែមីនាឆ្នាំ ២០១៩ បណ្តាលអោយមនុស្សស្លាប់សរុបចំនួន ៣៤៦ នាក់។

កាលពីខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការផលិត យន្ដហោះ ៧៣៧ Max ជាបណ្តោះអាសន្ន ចាប់ពីខែមករានេះតទៅ បន្ទាប់ពីនិយ័តករអាមេរិក បានច្រានចោលសំណើរសុំអោយដាក់យន្ដហោះប្រភេទនេះ ហោះហើររហូតដល់ឆ្នាំ ២០២០ ៕