អតីតប្រធានាធិបតីស្រីលង្កា Rajapaksa នឹងចាកចេញពីសិង្ហបុរី ហើយទៅដល់ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ

(សិង្ហបុរី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ អោយដឹងថា ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់ ប្រទេសថៃនាថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះ ខណៈ វានឹងក្លាយជាគោលដៅជ្រកកោនបណ្តោះអាសន្នទី២ របស់លោក នៅតំបន់អាស៊ាន គិតចាប់តាំង ពីអតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែកក្កដា ចំពោះមុខ ការធ្វើបាតុកម្មដ៏កក្រើក ពីសំណាក់ប្រជាជន។

បន្ទាប់ពីភាពវឹកវរបានផ្ទុះឡើង នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តស្រីលង្កា រួមមានទាំងការចូលលុកលុយរបស់ក្រុមបាតុកម្ម នៅវិមានប្រធានាធិបតី លោក រ៉ាចាប៉ាក់សា បានរត់ គេចខ្លួនដំបូងទៅកាន់ ប្រទេសដីកោះម៉ាល់ឌីវ។ ក្រោយមក លោកក៏បានបន្តដំណើរទៅកាន់ ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា។ រួចហើយ លោក រ៉ាចាប៉ាក់សា ក៏បានលាលែងពី តំណែងជាផ្លូវការ ដោយក្លាយជា ប្រធានាធិបតីស្រីលង្កាដំបូងបំផុត ដែលចុះចេញពីអំណាច នៅ ពាក់កណ្តាលអាណត្តិបែបនេះ៕