ប្រទេសបារាំងព្រមានអាមេរិក ដែលសងសឹកលើពន្ធសេវាក្រុមហ៊ុនឌីជីថល

បារាំង ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង លោក ព្រូណូ ឡឺ មែ (Bruno Le Maire) បានព្រមានសហរដ្ឋអាមេរិក ថា ការសងសឹកណាមួយចំពោះពន្ធសេវាកម្មឌីជីថលថ្មី របស់ប្រទេសបារាំង អាចបំផ្លាញទំនាក់ទំនង រវាងអាមេរិក និងបារាំង ។

ទីក្រុង វ៉ាស៊ីនតោនបានគំរាមដាក់ពន្ធរហូតដល់ ១០០ ភាគរយ លើការនាំចូលស្រាសំាប៉ាញ កាបូបដៃ និងផលិតផលប្រទេសបារាំងផ្សេងទៀត ដែលមានតម្លៃ ២.៤ ពាន់លាន ដុល្លារ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរកឃើញថា ពន្ធរបស់ប្រទេសបារាំង នឹងបង្ករផលប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។

លោក ឡឺ មែរ បានប្រាប់វិទ្យុបារាំងថា ប្រសិនបើអាមេរិកសំរេចចិត្តថានឹងបន្តដាក់ទណ្ឌកម្ម លើពន្ធឌីជីថល ក្នុងករណីនេះប្រទេសបារាំងនឹងសងសឹកវិញ ។

លោក Le Maire បាននិយាយថា លោកបានផ្ញើលិខិតមួយស្តីពីបញ្ហានេះ ទៅកាន់អ្នកចរចាពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lightizer និងកំពុងពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin ។ លោករដ្ឋមន្រ្តីបានសរសេរ នៅ ក្នុង លិខិតនោះថា ប្រសិនបើសហរដ្ឋអាមេរិក សំរេចចិត្តដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើសហភាពអ៊ឺរ៉ុបលើពន្ធសេវាកម្មឌីជីថលរបស់បារាំងវិញ នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ទីក្រុងប៉ារីសបានត្អូញត្អែរជាយូរមកហើយ អំពីក្រុមហ៊ុនឌីជីថលសហរដ្ឋអាមេរិក ថាមិនបានបង់ពន្ធគ្រប់គ្រាន់លើប្រាក់ចំណូលដែលរកចំណូលបាន នៅប្រទេសបារាំង។ កាលពីខែកក្កដា រដ្ឋាភិបាលបានសម្រេចអនុវត្តការយកពន្ធ ៣ ភាគរយ លើប្រាក់ចំណូល ពីសេវាកម្មឌីជីថលដែលរកបាន នៅប្រទេសបារាំង ពីក្រុមហ៊ុនដែលមានប្រាក់ចំណូលជាង ២៥ លានអឺរ៉ូ ស្មើនឹង២៨ លានដុល្លារ ជាប្រាក់ចំណូលក្នុង ប្រទេសបារាំង
និងចំនួន ៧៥០ លានអឺរ៉ូ ជាប្រាក់ចំណូលលើពិភពលោក៕