មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងគ្រាដែលសេដ្ឋកិច្ចអាមេរិក និងចិនធ្លាក់ចុះ


 (វ៉ាស៊ីនតោន)៖  យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់ថា ការកើនឡើងអតិផរណា និង ការថមថយសេដ្ឋកិច្ចខ្លាំងនៅអាមេរិក និងប្រទេសចិនបានជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃពុធទម្លាក់ទស្សនវិស័យរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងឆ្នាំ ក្រោយ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់មូលនិធិ IMF ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ទស្សនវិស័យមានភាពងងឹតយ៉ាងខ្លាំងចាប់តាំងពីខែមេសាមក។ ពិភពលោកឆាប់ៗនេះអាចដើរឆ្ពោះទៅរកការដើរថយក្រោយនសសេដ្ឋកិច្ចសកល ដែលត្រឹមតែពីរ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីកើតមានកាលពីលើកចុងក្រោយ»។

លោក Gourinchas បានមានប្រសាសន៍ថា៖ «ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីរបស់ ពិភពលោក គឺសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ កំពុងជាប់គាំងដែលជាបុព្វហេតុបង្កឱ្យមាន ផលវិបាកធំៗដល់ចក្ខុវិស័យពិភពលោក»

នៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួន មូលនិធិ IMF បាន កាត់បន្ថយការព្យាករពីផលិតផលក្នុងស្រុកស្រុបរបស់ពិភពលោកសម្រាប់ឆ្នាំ២០២២ មកត្រឹម ៣ភាគរយដោយទម្លាក់ចុះពីការព្យាករកាលពីខែមេសា ហើយបើជួបវិបត្តិធ្ងន់ធ្ងរ កំណើនសេដ្ឋកិច្ច ពិភពលោកអាចថមថយមកនៅត្រឹម ២ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២៣។

មូលនិធិ IMF ក៏បានមើលឃើញផងដែរថា កំណើនរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះមានត្រឹមតែ ២,៣% ប៉ុណ្ណោះ ក្នុងគ្រាដែលមានការថយចុះការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើង អត្រាការប្រាក់ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងថមថយខ្លាំងនៅឆ្នាំ២០២២ ដោយកើនឡើងត្រឹមតែ ៣,៣% ប៉ុណ្ណោះដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ៤ទសវត្សរ៍ ដោយមិនរួមញ្ចូលស្ថានភាពសេដ្ឋកិច្ចក្នុងពេលមានវិបត្តិជំងឺរាតត្បាតឆ្នាំ២០២០។ ការថមថយខ្លាំងនេះគឺ ដោយសារតែការព្រួយបារម្ភអំពីជំងឺកូវីដ និង “វិបត្តិកាន់តែអាក្រក់” នៅក្នុង វិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕