ខេត្តកែប ៖ ក្រុមសមត្ថកិច្ចចម្រុះ និងក្រុមជំនាញជួយសង្រ្គោះ បានរុករកឃើញមនុស្សស្លាប់ក្រោមគំនរថ្មអគារបាក់បែកកើនដល់៤នាក់ (ស្ត្រី៣នាក់ បុរសម្នាក់) និងជួយសង្គ្រោះបានចំនួន១៩នាក់ ក្នុងចំណោមមនុស្សដែលជាប់នៅខាងគំនរថ្មប្រហែលពី ៣០ទៅ ៤០នាក់ គិតត្រឹមនៅវេលាម៉ោង ៨ និង១០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ។ នេះជាករណីទីពីរហើយ បន្ទាប់ពីរលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់២៨ នាក់ និងរបួស២៦នាក់។
ភ្លាមៗពេលអគាររលំបាក់រាបដល់ដី គេឮសំឡេងស្រេកទ្រហោយំ រាប់ទាំងកូនក្មេងផងដែរ ប៉ុន្តែនៅពេលនេះ បានស្ងាត់សំឡេងទៅវិញ ដោយសង្ស័យថា អាចស្លាប់ ឬសន្លប់។សមត្ថកិច្ចកំពុងបន្តរុករកមនុស្សដែលនៅបាត់ខ្លួនក្រោមផ្ទាំងថ្មនៅឡើយ។
មន្ត្រីខេត្តបានអះអាងថា មានជនរងគ្រោះប្រមាណជា៣០ ទៅ៤០នាក់ បានជាប់នៅក្រោមអគារដែលបាក់រលំនេះ ពេលពួកគេកំពុងធ្វើការ ដែលភាគច្រើនជាកម្មករសំណង់។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៤ និង៣០នាទី ល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ សំណង់អគារនេះ ត្រូវបានគេអះអាងថា បានសាងសង់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសម្រេចបានប្រមាណជា ៩០ភាគរយ ហើយការបាក់ស្រុតនេះ ខណៈដែលកម្មករកំពុងចាក់ប្លង់សេនៅផ្នែកខាងលើបង្អស់។
បន្ទាប់កើតហេតុភ្លាមៗ នៅព្រលប់ថ្ងៃទី៣ ខែមករា ដដែលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការថា«…. ខ្ញុំនឹងចេញទៅខេត្តកែប នៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអគារដែលដួលរលំ…..»។
គួររំលឹកថា នេះជាឧបទ្ទវហេតុបណ្តាលឲ្យមនុស្សស្លាប់ដ៏រន្ធត់លើកទី២ហើយ បន្ទាប់មានករណីដូចគ្នានេះ បានកើតឡើងចំពោះអគារកម្ពស់ ៧ជាន់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន២៦នាក់៕