(ព្រះសីហនុ)៖ សពជនរងគ្រោះជាកម្មករនេសាទម្នាក់ ដែលធ្លាក់ពីលើទូកបាត់ខ្លួននោះ ត្រូវបានរកឃើញហើយ ក្រោយក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន្ត ខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច ដោយស្វែងរកឃើញកាលពីម៉ោងជាង៩ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចពយក្បាលខ្មោចនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ថេង អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណើតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ជនរងគ្រោះគឺជាកម្មករនេសាទ ប្រភេទមងអូស បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ រួចក៏បាត់ខ្លួន។
បន្ទាប់មកក្រុមគ្រួសារ បានស្នើសុំជំនួយក្នុងការស្វែងរកជនរងគ្រោះពីលោកឧកញ៉ា ទៀ វិចិត្រ ហើយក៏បានបញ្ជូនអូប័រ និងក្រុមការងារសង្គ្រាះចេញទៅជួយស្វែងរកនៅក្នុងលម្ហសមុទ្រ រហូតមកដល់ព្រឹកថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២២ ទើបប្រទះឃើញសពជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ ជាមួយការរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក៏បានចូលជាបច្ចយ័បុណ្យសពចំនួន២លានរៀលផងដែរ៕