(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤៤៧គ្រឿងទៀត ត្រូវបាននគរបាល ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៣៧៦គ្រឿង និងរថយន្ត ៧១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹង។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១៨ ខែកក្កដា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៩៤,៨៩០គ្រឿង ក្នុងនោះមានម៉ូតូ ៧៥,១៥៥ គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៩,៧៣៥គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន ល្មើសល្បឿន ឆៀក ស្រវឹង អាជីវកម្ម និងអត់ប័ណ្ណបើកបរជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររ យៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបាន លះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ចំនួន ០២នាក់ របួសចំនួន០៥នាក់ (របួសធ្ងន់ ០៤នាក់)។ រយៈពេល១៩៩ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៧២៧លើក បណ្ដាល ឱ្យមនុស្សស្លាប់ ១,០០៧នាក់ របួស ២,៣៩០នាក់ (របួសធ្ងន់ ១,៥២៩នាក់)៕