កម្ពុជាស្នើមីយ៉ាន់ម៉ា ឲ្យចាត់តាំងតំណាងមិនមែនជាអ្នកនយោបាយ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅចុងខែនេះ


(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង កិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នាចុងខែកក្កដា ឆ្នាំ២០២២នេះឡើយ។ នេះបើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិកម្ពុជា និងជាប្រេងសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីបញ្ហាមីយ៉ាន់ម៉ា។

ក្នុងឱកាសផ្តល់ព័ត៌មានជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅ មីយ៉ាន់ម៉ាលើកទី២ របស់ខ្លួន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន បានជូន ដំណឹងទៅរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បញ្ជូនតួអង្គមិនមែននយោបាយឲ្យមកចូលរួម។ ឯកឧត្តម បានពន្យល់ថា ការសម្រេចមិនអញ្ជើញប្រមុខការទូតមីយ៉ាន់ម៉ា មកចូលរួមប្រជុំនោះ ធ្វើឡើងតាម ការឯកភាពជាឯកច្ឆន្ទរបស់សមាជិកអាស៊ានទាំង៩ ដែលយល់ឃើញថា មិនទាន់មានការជឿន លឿនគ្រប់គ្រាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដែលឲ្យមីយ៉ាន់ម៉ា អនុវត្តកន្លងមក។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានផ្ញើលិខិតអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំ ប៉ុន្តែពន្យល់គាត់ថា ដោយសារស្ថានភាពបច្ចុប្បន្ន (មិនអាចឲ្យគាត់ចូលរួម បានទេ)។ ខ្ញុំសុំឲ្យគាត់ចាត់តាំង តំណាងមិនមែនជានយោបាយ ចូលរួមកិច្ចប្រជុំ 55th AMM ហើយខ្ញុំក៏បានប្រាប់គាត់ថា ការអញ្ជើញបែបនេះ ធ្វើឡើងដោយការសោកស្តាយ តែកាលៈទេសៈ មិនទាន់អំណោយផល ដើម្បីអនុញ្ញាតឲ្យខ្ញុំ អញ្ជើញគាត់់ផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំនោះទេ»

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ (Physical) នៅរាជធានីភ្នំពេញ។ ឯកឧត្តម លុយ ដាវីត រដ្ឋ លេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានប្រាប់ ឲ្យដឹងថា កិច្ចប្រជុំនេះមានរយៈពេលវែង ដោយសារមានកិច្ចប្រជុំថ្នាក់អគ្គនាយក ថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីការបរទេស។

បើតាម ឯកឧត្តម ប្រាក់ សុខុន , អាស៊ានទាំង ៩ប្រទេស បានឯកភាពគ្នាថា ដរាបណាដែលមិន ទាន់មានវឌ្ឍនភាពគ្រប់គ្រាន់នៅមីយ៉ាន់ម៉ា ដរាបនោះការចូលរួមរបស់មីយ៉ាន់ម៉ា គឺស្ថិតត្រឹមតែជា តំណាងមិនមែនរដ្ឋាភិបាល។

កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវ បង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែង រកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀប ចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយ ភាគីពាក់ព័ន្ធទាំងអស់៕