ថៃ មាន មនុស្ស ២,៤២៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post អោយដឹងថា ក្រសួងសុខា ភិបាលថៃ នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤២៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,០៤៩នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៤,៥៣៦,៤៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៧៥៨នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៤.៤៨លាននាក់៕