(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ មាន រៀបចំសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មាន ស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីចាត់កណ្តាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា គិតត្រឹមថ្ងៃបញ្ចប់ ឱសានវាទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខ ផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង។
ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨ គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពី រថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។
ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថ យន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាន នានា។ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បាន យល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅ ក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់ កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា ត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែ រថយន្តនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង៕