ក្រសួងបរិស្ថានគាំទ្រចំពោះការដាក់បញ្ចូលតំបន់«ដីសើមបឹងស្នេហ៍»ជាតំបន់ការពារធម្មជាតិ

ខេត្តព្រៃវែង ៖ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ចើញជាអធិបតីបើកកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី «ការដាក់បញ្ចូលតំបន់ដី សើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ» នៅក្នុងខេត្តព្រៃវែង។

វេទិកានេះមានការអញ្ជើញចូលរួមផងដែរពីលោកស្រី លៀង ស្រីម៉ុល អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ជាច្រើននាក់។

លោកស្រី លៀង ស្រីម៉ុល បានឱ្យដឹងថា ប្រព័ន្ឋអេកូឡូស៊ីតំបន់បឹងស្នេហ៍បានដើរតួនាទីយ៉ាងសំខាន់ និងជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញប្រមាណជាង១៤ឃុំដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រព្វដំណាំស្រូវប្រាំងជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ ទៅ៣ដងក្នុងមួយឆ្នាំ។ លោកស្រីបានបញ្ចាក់ដែរថា កន្លងមកមានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ កំណើនតម្រូវការអុសដុត និងរុករានដីព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម។

ក្នុងឱកាសនោះ លោក ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ប្រភេទសត្វស្លាបមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។ ក្រសួងបរិស្ថានមានគោលបំណងអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ ដើម្បីប្រយោជន៍គោលដៅទេសចរណ័ធម្មជាតិដ៏សំខាន់មួយ សម្រាប់សហគមន៍ ។

លោកបន្តទៀតថា ដោយឈរលើតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ រដ្ឋបាលខេត្តបានស្នើការសហការពីក្រសួងបរិស្ថានក្នុងការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តភាពនូវធនធានតំបន់ដីសើមនេះ។

តាមរយៈការងារនេះ សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថានបានការគាំទ្រជាឯកឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឱ្យនៅគង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សលោកទាំងបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងគឺដើម្បី១)ចែករំលែកព័ត៌មានអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍ ដែលមានទីតាំងនៅខេត្តព្រៃវែង និង ២) ពិភាក្សា និងទទួលអនុសាសន៍ បន្ថែមពីអ្នកពាក់ព័ន្ធ លើដំណើរការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះទៅជាតំបន់ការពារធម្មជាតិ។បន្ទាប់មកអ្នកចូលរួម និងចុះពិនិត្យផ្ទាល់ដល់សក្តានុពលនៃតំបន់ដីសើម និងការរស់នៅរបស់ហ្វូងសត្វស្លាបនៅទីកន្លែងផ្ទាល់ផងដែរ៕