ការប្រឡងជ្រើសរើសនាយទាហានបានបញ្ចប់នៅថ្ងៃនេះ ខណៈលទ្ធផលនឹងប្រកាសនៅចុងខែមករាឆ្នាំក្រោយ

ភ្នំពេញ ៖ ការប្រឡងជ្រើសរើសយោធាផ្នែកជានាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ព ជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងនាយទាហានជំនាញបច្ចេកទេសយោធាជាដើមនោះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៦ ខែធ្នូនេះ ខណៈដែលលទ្ធផលបឋមនឹងប្រកាសនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០។`

នៅឆ្នាំ២០១៩-២០២០នេះ ក្រសួងការពារជាតិបានសម្រេចជ្រើសរើសទាហាន ប្រមាណជាងប្រាំមួយរយនាក់ដោយមានការប្រឡងត្រឹមត្រូវបំផុតគ្មានការសូកប៉ាន់ ខណៈបេក្ខជន-បេក្ខនារីជាង ប្រាំបីពាន់នាក់ត្រូវបានដាក់ឈ្មោះប្រឡងនៅទូទាំងប្រទេស ហើយការប្រឡងនេះគឺមានវិញ្ញាសារជា ច្រើនទាំងកម្រិតវប្បធម៌និងកាយសប្បទាជាដើម។

សូមជម្រាបថា ការប្រឡងជ្រើសរើសទាហានលើកនេះ មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រុស៤,៦៧០នាក់/ ស្រី៣,៣៩៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។

បើតាមមន្រ្តីរៀបចំការប្រឡងបានឱ្យដឹងថា សម្រាប់ការប្រឡងជ្រើសរើសសិ្សនាយទាហាននេះ ត្រូវបែងចែកជាពីរដំណាក់កាល គឺនៅថ្ងៃទី២២ ខែធ្នូ បេក្ខជនទាំងអស់ បានប្រឡងនូវមុខវិជ្ជាចំណេះដឹងទូទៅ ហើយនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូនេះ ប្រឡងវិញ្ញាសារកាយសម្បទានៅស្ដាតចាស់៕