(បែរឡាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា ក្រុមមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 កាលពីថ្ងៃអាទិត្យកន្លងទៅ បានសន្យារៃអង្គាសប្រាក់ ឱ្យបានប្រមាណ៦០០ពាន់លានដុល្លារ ក្នុងទម្រង់ជាមូលនិធិឯកជននិងមូលនិធិសាធារណៈ ក្នុងរយៈពេល៥ឆ្នាំ ដើម្បីយកទៅគាំទ្រដល់ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងដើម្បីទប់ទល់ ជាមួយ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ដែលបានដើរទៅមុនរួចហើយនោះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមជាមួយក្រុមមេដឹកនាំ G7 ដទៃទៀត បានប្រកាសចេញ ជាថ្មីនូវ គម្រោងដែលទើបប្តូរឈ្មោះថា «ភាពជាដៃគូសម្រាប់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ពិភពលោក» កំលុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ ដែលកំពុងរៀបចំឡើងនៅរដ្ឋបាវ៉ារៀ (Bavaria) ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
បើតាមលោក បៃដិន សហរដ្ឋអាមេរិកនឹងបញ្ចេញថវិកាចំនួន២០០ពាន់លានដុល្លារ ក្នុងទម្រង់ជា ជំនួយឥតសំណង, មូលនិធិសហព័ន្ធ និងការវិនិយោគឯកជន សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រ ដល់គម្រោងផ្សេងៗ នៅតាមប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម ដែលជួយដោះស្រាយបញ្ហា នៃការប្រែប្រួលប្រួលអាកាសធាតុ ក៏ដូចជាលើកកម្ពស់សុខាភិបាលអន្តរជាតិ, សមភាពយេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
រីឯប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា
វុន ដឺ លីយេន (Ursula von der Leyen) បាន ថ្លែងក្នុងកិច្ចប្រជុំថា
អឺរ៉ុបនឹងបញ្ចេញថវិកា ៣០០ពាន់លានអឺរ៉ូ (៣១៦ពាន់លានដុល្លារអាមេរិក)
សម្រាប់កិច្ចផ្តួចផ្តើមខាងលើ ក្នុងរយៈពេល៥ឆ្នាំដូចគ្នា ដើម្បីបង្កើតនូវ
ជម្រើសមួយផ្សេងដែលប្រកប ដោយនិរន្តរភាព សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍
ជំនួសគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ ចិន ដែលប្រធានាធិបតីចិន លោក ស៉ី
ជីនពីង បានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០១៣។
ចំណែក មេដឹកនាំអ៉ីតាលី កាណាដា និងជប៉ុន
ក៏បានលើកឡើងពីផែនការរៀងៗខ្លួនផងដែរ ដោយ ក្នុងនោះផែនការខ្លះ
ត្រូវបានប្រកាសដាច់ដោយឡែករួចហើយ នាពេលកន្លងមកនេះ។ សរុបជារួម ក្រុម G7 មានគោលដៅរៃអង្គាសប្រាក់ ៦០០ពាន់លានដុល្លារ
សម្រាប់ផែនការវិនិយោគរបស់ខ្លួន។
សូមបញ្ជាក់ថា គម្រោងវិនិយោគ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន មកទល់ពេលនេះ គឺពាក់ព័ន្ធ ក្នុងការអភិវឌ្ឍនិងកម្មវិធី នៅតាមប្រទេសជាង១០០ ដែលមានគោលដៅបង្កើតឡើងនូវ បណ្តាញផ្លូវ ពាណិជ្ជកម្មជំនាន់ថ្មី នៃវិថីសូត្របុរាណ ដែលតភ្ជាប់ពីអាស៉ីទៅអឺរ៉ុប៕