សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្មបារី អេឡិចត្រូនិច ឬ Vape

 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារី អេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs)។

ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ ទាំងនេះ អាចធ្វើជារបាំង និងជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន ឬអាចជាកត្តាដែលនាំទៅ ប្រើប្រាស់គ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ការធ្វើអាជីវកម្ម ឬការប្រើប្រាស់របស់ទាំងនេះ មិនបាននាំផលចំណេញដល់សង្គមជាតិអ្វីទេ ផ្ទុយទៅវិញ វាបំផ្លាញ លុយកាក់ និងសុខភាពយ៉ាង ធ្ងរធ្ងរដល់ប្រជាពលរដ្ឋយើង ហើយឥរិយាបទនៃការប្រើប្រាស់ទៀតសោត ក៏ងាយបង្កឲ្យមានការឆ្លង រោគផ្សេងៗ ដោយរួមទាំងជំងឺកូវីដ-១៩ផងដែរ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការ ជាមួយពួកគាត់រាល់ថ្ងៃឲ្យយកចិត្តទុកដាក់ និងធ្វើសកម្មភាពឲ្យកាន់តែសកម្ម និងឲ្យបានជាប់ជាប្រចាំថែមទៀតដើម្បីលើកកម្ពស់ការចលនាឲ្យកាន់តែមានប្រសិទ្ធភាពធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មាតាបិតា អាព្យាបាលចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអប់រំឲ្យមាន ការយល់ ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាចូលរួមក្នុងការលើកទឹកចិត្ត និងជំរុញ កូនចៅដែលជាអ្នកប្រើប្រាស់ ឬញៀនគ្រឿងញៀនឲ្យបញ្ឈប់ការប្រើប្រាស់ ឬឲ្យទៅទទួល យកសេវាព្យាបាល និងស្តារនីតិសម្បទា។

សូមជម្រាបថា ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិច ឬ Vape នេះក្រសួងសុខាភិបាល បានអះ អាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គ កាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុកជាតិនីកូទីន។

ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈាន ទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារ នៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និងសារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។

ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថាការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសួតដោយ ចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទី និង ភាគល្អិតតូច នៃ អ៊ុល ត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គ កាយមនុស្សធ្ងន់ធ្ងរ។

ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារី អេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិច នេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៤ ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀននៃក្រសួងមហាផ្ទៃដោយ បានចេញសេចក្តីណែនាំស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការ បើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា៕