ព្រឹកថ្ងៃនេះសម្តេចពិជ័យសេនា និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើកការដ្ឋានសាងសង់សមិទ្ធផលមួយ ចំនួន នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម


 (ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងជាងជួស ជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រ រាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

ការការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លងនេះ គឺជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ រៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាមសំដៅធ្វើឱ្យមានលទ្ធភាពគ្រប់គ្រងពិត ប្រាកដលើទីតាំងភូមិសាស្ត្រដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារ បំពេញការងារគ្រប់ផ្នែកដូចជា៖ អគារសាលប្រជុំ, អគារឃ្លាំង, អគារកម្សាន្ត, អាហារដ្ឋាន, ទីលាន កីឡា, អគារទទួលភ្ញៀវជាតិ-អន្តរជាតិស្តង់ដារកម្រិតខ្ពស់, ការកសាងប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក​ស្អាត, ប្រព័ន្ធលូបង្ហូរទឹក។ល។

ទី២៖ ជួយជួសជុលនាវាចាស់ៗ ដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង យកទៅជួសជុលនៅប្រទេសចិន និងដុកបណ្តែតចំនួន ០២គ្រឿង (០១គ្រឿង ចំណុះ ៦០០តោន ជួសជុលនៅប្រទេសចិន និង ០១គ្រឿងទៀត ចំណុះ ៧០០តោន ជួសជុលនៅប្រទេសកម្ពុជា) និងជួយបំពេញបន្ថែមនូវនាវាសម្រាប់បម្រើការបច្ចេក ទេសដូចជា៖ នាវាអូសសណ្ដោងចំនួន ០២គ្រឿង (ទំហំផ្ទុក ១០០តោន ចំនួន០១គ្រឿង និង ៥០តោន ចំនួន០១គ្រឿង) នាវាដឹកស្បៀងគ្រឿងបរិក្ខារ ចំនួន ០១គ្រឿង និងត្រៀមលើកគម្រោង សម្ភារៈ ឧបករណ៍ផ្សេងៗទៀត តាមការខ្វះខាតជាក់ស្តែង។

ទី៣៖ ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ០១កន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ព ជើងទឹក និងប្រជាជនដែលរស់នៅក្បែរខាងក្នុងតំបន់

ទី៤៖ ជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) សម្រាប់បម្រើឱ្យការជួស ជុលនាវាគ្រប់ប្រភេទដែលកងទ័ពជើងទឹកកម្ពុជា កំពុងប្រើប្រាស់កាត់បន្ថយការបញ្ជូនទៅជួសជុល នៅក្រៅប្រទេស និងបន្ថយការចំណាយថវិកាជាតិខ្ជះខ្ជាយ លើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯក ទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀនបើកបរ ជួសជុលថែទាំ និង សិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើងនាវាធុនមធ្យម ល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និងអន្តរជាតិដើម្បីពង្រីក កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ទី៥៖ ជួយកសាងផសំចតចំនួន០២កន្លែង បើកទូលាយសម្រាប់សំចតនាវាធុនស្រាល និងមធ្យម។

ទី៦៖ ជួយស្ដារឃ្លងមានស្រាប់ ដែលជម្រៅទឹកនៅរាក់នៅឡើយ ឱ្យមានលទ្ធភាពទូលំទូលាយ សម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន។

ទី៧៖ បានផ្តល់នូវឯកសណ្ឋានយោធាសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ មានចំនួន០៧ ប្រភេទ ស្មើនឹង ៣៦,៩០០កំប្លេ។

ក្រៅពីនេះគណៈកម្មការ នៃប្រទេសទាំងពីរ កំពុងបន្តសិក្សាស្វែងយល់អំពីការបំពេញតម្រូវការ ផ្សេងៗមួយចំនួនទៀតសម្រាប់ហ្វឹកហាត់ជំនាញរបស់កងទ័ពជើងទឹកឱ្យមានសមត្ថភាពបំពេញភារកិច្ចការពារសន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់ ការជួយសង្គ្រោះគ្រោះមហន្តរាយ អំពើភេវរកម្មហិង្សា ការជួញដូរអាវុធ គ្រឿងញៀនខុសច្បាប់ ទប់ស្កាត់រាល់បាតុភាពដែលអាចកើតឡើងដោយសហការ ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ៕