ក្មេងប្រុសអាយុ២ឆ្នាំ ច្រឡំកេះកៃកាំភ្លើងបាញ់ឪពុករបស់ខ្លួនស្លាប់ នៅក្នុងរដ្ឋផ្លូរីដាសហរដ្ឋអាមេរិក



 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២គឺអាជ្ញាធរអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានឱ្យដឹងថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានបាញ់សម្លាប់ឪពុករបស់ខ្លួនដោយអចេតនា នៅក្នុងរដ្ឋផ្លូរីដា (Florida) បន្ទាប់ពីឪពុក-ម្តាយក្មេងតូចនោះបានទុកចោល កាំភ្លើងដែលមានគ្រាប់ស្រាប់ ដោយគ្មានការប្រុងប្រយ័ត្ន។

មន្រ្តីប៉ូលិសក្នុងតំបន់ អូរេង ខោនធី (Orange County) លោក ចន មីនា (John Mina) បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា នៅពេលដែលអាជ្ញាធរបានទៅដល់ផ្ទះជនរងគ្រោះ នៅជិតទីក្រុង អូឡេនដូ (Orlando) រដ្ឋផ្លូរីដា កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ពួកគេបានឃើញម្តាយរបស់ក្មេងប្រុសខាងលើ គឺលោកស្រី ម៉ារី អាយ៉ាឡា (Marie Ayala) កំពុងធ្វើចលនាសង្គ្រោះបឋម (CPR) ដល់ប្តីរបស់គាត់ គឺលោក រេកហ្គី ម៉ាប្រ៊ី (Reggie Mabry)។

ដំបូងឡើយ ក្រុមប៉ូលិសជឿថា បុរសអាយុ២៦ឆ្នាំ ដែលបានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យនោះ បានបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែកូនច្បងក្នុងចំណោមកូនទាំង ៣នាក់របស់ប្តីប្រពន្ធមួយគូនោះ បានអះអាងប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ប្អូនប្រុសខ្លួនដែលមានអាយុ ២ឆ្នាំ គឺជាអ្នកកេះកៃកាំភ្លើង។

ឯកសាររបស់តុលាការ បានឱ្យដឹងថា កាំភ្លើងស្ថិតនៅក្នុងកាបូបដែលលោក Mabry បានទុកចោលនៅលើដី ហើយក្មេងប្រុសអាយុ ២ឆ្នាំនោះ បានប្រទះឃើញកាំភ្លើងរបស់គាត់ ហើយយកវាមកលេង រួចក៏បានបាញ់ឪពុកពីខាងក្រោយខ្នង ខណៈដែលឪពុករបស់ខ្លួន កំពុងអង្គុយលេងហ្គេមវីដេអូនៅលើកុំព្យូទ័រ។ សមាជិកក្រុមគ្រួសារទាំង ៥នាក់ រួមមានទាំងក្មេងស្រីអាយុ ៥ខែម្នាក់ទៀតផងដែរ គឺស្ថិតនៅក្នុងបន្ទប់នោះជាមួយគ្នា នៅពេលកើតហេតុ៕