ប្រមុខការទូតរុស្ស៉ីថា ទណ្ឌកម្មប្រឆាំងរុស្ស៉ីត្រូវបានលោកខាងលិច គ្រោងទុកជាយូរមកហើយ


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី៣០ ខែ ឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅថា បណ្ដាប្រទេសលោកខាងលិច មានផែនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីជាយូរមកហើយ ដោយពួកគេទំនងជានឹង មិនដកវាចេញវិញនោះទេ។

លោក Lavrov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថាភាគីទាំងពីរ កំពុងបណ្តេញអ្នក ការទូត។ យើងមិនដែលបណ្តេញនរណាម្នាក់ ទេ។ ការដាក់ទណ្ឌកម្មទាំងនេះគឺដូចជាការភ័យស្លន់ស្លោរ ដែលវាត្រូវបានផ្តួចផ្តើមឡើងដោយបណ្ដា ប្រទេសលោកខាងលិច។ ពេលវេលា និង វិសាលភាពដែលពួកគេចំណាយក្នុងការដាក់ទណ្ឌកម្មទាំង នេះ បានបង្ហាញថា ពួកគេមិនមែនបង្កើតវាឡើង «តែមួយយប់» នោះទេ។ ពួកគេ បានគ្រោងទុក ជាយូរមកហើយ។ ទណ្ឌកម្មទាំងនេះទំនងជានឹងមិនត្រូវបានដកចេញវិញ ឡើយ»

លោក Lavrov បានបន្ថែមថា «រុស្ស៉ីមិនបណ្ដោយឱ្យបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋ អាមេរិក គ្រប់គ្រងពិភពលោកមួយតែម្នាក់ឯង នោះទេ។ តើភូមិសាស្ត្រនយោបាយរបស់អឺរ៉ុបនឹងមានប្រយោជន៍អ្វីពីវា? ខ្ញុំមិនដឹងទេ។ អ្នកវិភាគនយោបាយ នាពេលឥឡូវនេះ បាននិយាយថា តាមទស្សនៈវិស័យនាពេលអនាគត អឺរ៉ុបនឹងក្លាយជាអ្នកចាញ់ដ៏ធំ បំផុត»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូល អ៊ុយក្រែន ដោយអះអាងថាវាជាប្រតិបត្តិការយោធា ពិសេស។ ប៉ុន្តែ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្ដាប្រទេស មួយចំនួន ទៀតចាត់ទុកថាជាទង្វើឈ្លានពាន និងបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងបុគ្គល និងនីតិ បុគ្គលរបស់រុស្ស៉ី៕