រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មីខេត្តតាកែវ, លោក ឯក ឆេងហ៊ួត ជំនួសលោក ជីវ ចាន់តារា ដែលត្រូវផ្ទេរទៅជាព្រះរាជអាជា្ញខេត្តកំពត


 (តាកែវ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២ ២នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ លោក ឯក ឆេងហ៊ួត ជំនួសលោក ជីវ ចាន់តារា ត្រូវផ្ទេរទៅជាព្រះរាជអាជា្ញ នៃអយ្យការ អមសាលាដំបូងខេត្តកំពតវិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា រង ក៏ដូចជា មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធប្រមាណ៣០០នាក់។

នៅក្នុងពិធីនេះ, លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក ឯក ឆេងហ៊ួត ដែលត្រូវបានប្រគល់ភារកិច្ចថ្មីជាព្រះរាជអាជ្ញាខេត្តតាកែវ ហើយលោកក៏បានកោតសរ សើរចំពោះ លោក ជីវ ចាន់តារា ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំតំណាងអយ្យការ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណជូន ចំពោះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ, ថ្នាក់ដឹកនាំខេត្ត, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលកន្លងមក ហើយលោករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ច សហការល្អនេះបន្តទៀត ជាពិសេសជាមួយលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាខេត្ត ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនេះ ឱ្យអនុវត្តតួនាទី របស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗ បន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានគូសរំលេចជូនអង្គពិធីថា ក្នុងចំណោមការងារអាទិភាពជា ច្រើន, បច្ចុប្បន្ន ក្រសួងយុត្តិធម៌ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ទាំងក្របខណ្ឌ គោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការ តាមរយៈសន្ធានកម្ម និងការបង្កើតវិជ្ជាជីវៈសន្ធានការី ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការ សម្របសម្រួលដោះស្រាយចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទ ឱ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន។

ទន្ទឹមនេះ, ចៅក្រមគ្រប់រូប គប្បីសាកល្បងជួយសម្របសម្រួល និងផ្សះផ្សារវាងគូភាគី ដើម្បីអាច បញ្ចប់វិវាទនៅក្នុងសំណុំរឿងក្តីនានា មុននឹងឈានទៅការសម្រេចសេចក្តីតាមរយៈការចេញនូវ សាលក្រម ឬសាលដីកា ប៉ុន្តែ ការសម្របសម្រួល និងការផ្សះផ្សានេះ មិនត្រូវយកមកអនុវត្តចំពោះ រឿងក្តីព្រហ្មទណ្ឌឡើយ។

សូមបញ្ជាក់ថា លោក ឯក ឆេងហ៊ួត បានកាន់តួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតជិត ២អាណត្តិមកហើយ មុនផ្លាស់ទៅជាព្រះរាជអាជ្ញាខេត្តតាកែវ៕