(ហ្សាការតា)៖ យោងតាមកាសែត Channel News Asia (CNA) អោយដឹងថា ប្រធានាធិបតី ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា ការហាមឃាត់ការនាំចេញប្រេងដូងរបស់ ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវដកចេញនៅថ្ងៃទី២៣ ខែឧសភា ដោយសារតម្លៃជាមធ្យមរបស់ប្រេងឆា ក្នុងស្រុកបានចាប់ផ្តើមធ្លាក់ចុះវិញហើយ។
កាសែត CNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលធ្វើឡើង ដោយលោក វីដូដូ ថា ប្រទេសឥណ្ឌូនេស៊ីត្រូវការប្រេងឆាប្រហែល ១៩៤ ០០០តោនក្នុងមួយខែ ហើយក្នុងខែមីនាមុននឹងមានការហាមឃាត់ការនាំចេញ ការផ្គត់ផ្គង់ក្នុងប្រទេសមានត្រឹមតែ ៦៤ ៥០០តោនប៉ុណ្ណោះ តែបន្ទាប់ពីការហាមឃាត់ការនាំចេញត្រូវបានដាក់ក្នុងខែមេសា ការផ្គត់ផ្គង់បាន កើនឡើងដល់ ២១១ ០០០តោន។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា តម្លៃប្រេងឆាមានតម្លៃប្រហែល ១៩ ៨០០រូពៀ (១,៣៥ ដុល្លារអាមេរិក) ក្នុងមួយលីត្រមុនហាមឃាត់ការនាំចេញ តែបច្ចុប្បន្នតម្លៃធ្លាក់ចុះមកនៅចន្លោះពី ១៧ ២០០រូពៀទៅ ១៧ ៦០០ រូពៀ ក្នុងមួយលីត្រ។
លោកបានបន្ថែមថា៖ «ដូច្នេះដោយផ្អែកលើការផ្គត់ផ្គង់ និងតម្លៃប្រេងឆាបច្ចុប្បន្ន និងដោយសារមាន កម្មករ ១៧លាននាក់នៅក្នុងឧស្សាហកម្មប្រេងដូង… ខ្ញុំបានសម្រេចចិត្តថា ការនាំចេញប្រេងឆានឹង ត្រូវបានអនុញ្ញាតម្តងទៀតនៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២»។
យោងតាមកាសែត CNA គឺលោកបានបន្តថា ទោះបីជាមានការដកបម្រាមនេះក៏ដោយ ក៏រដ្ឋាភិបាល នឹងបន្តតាមដានស្ថាន ការណ៍នេះ ដើម្បីធានាថា តម្លៃប្រេឆាមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ៕