ថៃមាន មនុស្ស ៥,៦៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៦៣៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៥,៦៣២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណី ទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,០៤២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣៨៨,៦១០ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៥៩៥នាក់ និងអ្នក ជាសះស្បើយឡើងវិញគឺ ៤.២៩លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បាន ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៧៨ លាននាក់ (៧៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.៨៥លាននាក់ (៣៨.៥%) បានចាក់ដូសជំរុញ៕