កូរ៉េខាងជើង រាយការណ៍ពីករណីអ្នកស្លាប់ ដោយសារកូវីដ១៩ ចំនួន២១នាក់ទៀត

 (សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ គឺកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីមនុស្សបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ចំនួន២១នាក់បន្ថែមទៀត ខណៈរាប់សិបម៉ឺននាក់ មានអាការៈគ្រុនក្តៅ ហើយប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសលោកកំពុងតែប្រឈមភាព វឹកវរយ៉ាងធ្ងន់ធ្ងរ ព្រោះតែការរីករាលដាលនៃជំងឺនេះ។

តួលេខបន្ថែមខាងលើ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បន្ទាប់ពី លោក គីម បានបើកកិច្ចប្រជុំមួយកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ នាឱកាសនោះលោក គីម បានថ្លែងថា ការរាតត្បាតនៃជំងឺ COVID-19 ដ៏កាចសាហាវ កំពុងជាភាពវឹកវរធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងជើង។

យោងតាម KCNA មនុស្សសរុបចំនួន ៥២៤,៤៤០នាក់ នៅកូរ៉េខាងជើង បានបង្ហាញរោគសញ្ញា គ្រុនក្តៅ កាលពីចន្លោះចុងខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា។ ក្នុងចំណោមពួកគេ មនុស្សចំនួន ២៤៣,៦៣០នាក់ បានជាសះស្បើយឡើងវិញហើយ៕