(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងផ្ដល់ឱ្យរូបលោកនូវអំណាច ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។
ច្បាប់ខាងលើ ឬគេស្គាល់ថា ច្បាប់ជួល-ឱ្យខ្ចីសម្ភារយោធា «Lend-lease Act» ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកយកមកប្រើក្នុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ប្រយុទ្ធប្រឆាំងជាមួយកងទ័ពណាហ្ស៉ីអាល្លឺម៉ង់។
ក្នុងពិធីចុះហត្ថលេខាលើច្បាប់នេះនៅឯសេតវិមាន លោក បៃដិន បានកត់សម្គាល់ថាសហរដ្ឋអាមេរិក បាន និងកំពុងគាំទ្រដល់អ៊ុយក្រែន ដើម្បីការពារ ប្រទេសរបស់ខ្លួន និងប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវឃោរឃៅរបស់លោក ពូទីន។ លោកបន្ថែមថា លោកផ្ទាល់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន៕