(ប៉ូតូម៉ាក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាលោកមានការព្រួយបារម្ភជាខ្លាំង ថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនមានផែនការដកខ្លួនពីសង្រ្គាមអ៊ុយក្រែន ក្នុងពេលនេះទេ ហើយលោក កំពុងពិចារណាថាត្រូវធ្វើអ្វីបន្តទៀត ចំពោះបញ្ហាមួយនេះ។
លោក បៃដិន បានគូសបញ្ជាក់នៅឯកម្មវិធីរៃអង្គាសថវិកានយោបាយនៅជាយក្រុងវ៉ាស៊ីនតោនយ៉ាង ដូច្នេះថា « លោក ពូទីនបានជឿខុសថាការឈ្លានពាន លើអ៊ុយក្រែន នឹងបំបែកបំបាក់អង្គការណាតូ (NATO) ក៏ដូចជាសហភាពអឺរ៉ុប (EU)។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ជាច្រើន កាន់តែរួបរួមគ្នា ដើម្បីជួយអ៊ុយក្រែន។
ការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន ត្រូវបានវាយបកវិញកាលពីខែមីនា ដោយការតស៊ូយ៉ាង ខ្លាំរបស់កងទ័ពអ៊ុយក្រែន។ រុស្ស៉ី ដែលហៅសង្រ្គាម អ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» បានដាក់ពង្រាយកងទ័ពបន្ថែមទៀតចូល ទៅក្នុងអ៊ុយក្រែន សម្រាប់ការវាយប្រហារដ៏ធំកាលពីខែ មេសា នៅតំបន់ភាគខាងកើតនៃប្រទេស ប៉ុន្តែការវាយរុលទៅមុខនៅតែមានការរីកចម្រើនតិច តួចដដែល។
សូមបញ្ជាក់ថា បើតាមលោក បៃដិន លោកពូទីន គឺជាមនុស្សដែលពូកែគណនា តែបញ្ហាដែលលោក ព្រួយបារម្ភនៅពេលនេះគឺថា មេដឹកនាំរុស្ស៉ីរូបនេះ «មិនមានផែនការដកខ្លួនពីសង្រ្គាម ក្នុងពេលនេះ ទេ ហើយខ្ញុំកំពុងព្យាយាមស្វែងរកឱ្យឃើញនូវអ្វីដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហានេះ»៕